អភិបាលខេត្តកំពង់ចាម​ បានអះអាងថា​ អាជីវករ​​ផ្សារ​ធំ​ជាង​ ៣០០តូប​ ទទួល​បាន​ដំបូល​ថ្មី​ ​ប្រមាណ​ ៣០០០ម៉ែត្រ​ការ៉េ​ ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​​

0
61


ដោយ លឹម សីលា
កំពង់ចាម​:​ ឯកឧត្តម​​​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ បានអះអាងថា​ បងប្អូន​អាជីវករ​ផ្សារ​ធំ​ជាង​ ៣០០តូប​ ទទួល​បាន​ដំបូល​ថ្មី​ ​ប្រមាណ​ជា​ ៣០០០ម៉ែត្រ​ការ៉េ​ ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ការ​ថ្លែង​បែប​នេះ​ក្នុង​ពេល​ប្រកាស​ជូន​ដំបូល​ផ្សារ​ដល់​អាជីវករ​ផ្សារ​ធំ​ ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ បន្ទាប់ពី​មើលឃើញ​នូវការលំបាករបស់បងប្អូនអាជីវករ ដោយនៅរដូវវស្សាទឹកលិច ហើយរដូវប្រាំងក្តៅខ្លាំង គ្មានខ្យល់ចេញចូលគ្រប់គ្រាន់​នោះ​ រដ្ឋបាល​ខេត្ត​ ក៏​បាន​ស្នើសុំ​ទៅ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ដេីម្បី​រៀបចំការសាងសង់ដំបូលផ្សារផ្សារ​ធំ​នេះ​ ក្នុង​ទំហំ​ប្រមាណ​ជាង​ ​៣០០០មែត្រការ៉េ ដែល​មាន​ជាង​ ៣០០តូប​លក់​ដូរ​ ដើម្បីកែលំអរបរិយាកាសនៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ជូន​អាជីវករ ក៏ដូចជា​បងប្អូនប្រជាពលរដ្ឋ​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​ និង​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​ចូលរួម​ការពារ​សុខសន្តិភាព​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​ទៀត​ ជាពិសេស​សូម​នាំគ្នា​ទៅ​បោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹង​ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​ ។

គួរ​បញ្ជាក់​ទៀត​ថា​ ​ផ្សារ​ទាំង​៣ក្នុង​ក្រុង​កំពង់ចាម​នេះ​ គឺផ្សារ​ធំ​ ផ្សារ​បឹង​កុក​ និង​ផ្សារ​សាមគ្គី​ ត្រូវ​បាន​គ្រប់គ្រងដោយគណៈអាជីវករផ្សារ​ ដែលបានបោះឆ្នោតជ្រើសរើស​ឡើង​ដោយ​បងប្អូន​អាជីវករ​ អ្នក​លក់ដូរ​​ ក្នុង​ផ្សារ​នីមួយៗ​ដោយ​ផ្ទាល់​​នាពេល​កន្លងមក​ ។​ គេ​សង្កេត​ឃើញ​ថា​ ការ​គ្រប់​​​​​គ្រង​​​ផ្សារ​មានសណ្តាប់ធ្នាប់ និង​អនាម័យ ហេីយ​ការទារថ្លៃភាស៊ីប្រកប​ដោយភាព​រីក​ចម្រើន​ ​​​និង​​​​​​អភិ​វឌ្ឍន៍ ដោយ​ចំណូលដែលបានមកពីការការប្រមូលភាស៊ី​ ត្រូវ​បាន​យក​ទៅជួសជុល កសាង រៀប​ចំ​សណ្តាប់​ធ្នាប់ ក្នុងផ្សារកាន់តែ​មាន​ភាព​ល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្តរបស់​គណៈ​អាជីវករ​ ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដេីម្បី​យកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ​ ក្នុង​ការ​កសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here