អាជ្ញាធរសម្រេចតាម​ការ​ស្នើសុំ​ របស់សហគមន៍មេទឹកបឹងក្រោល ដើម្បីស្ដារមេទឹក​ឱ្យ​មានជម្រៅ បម្រើ​ដល់​ផលប្រយោជន៍រួម ខណៈក្រុមហ៊ុនទទួលការ បានអនុវត្តទៅតាមបច្ចេកទេស  

0
60


ដោយ លឹម សិលា
កំពង់ចាម​:​ មកដល់ពេលនេះ ក្រុមហ៊ុនទទួលការ កំពុងយកចិត្តទុកដាក់អនុវត្តគម្រោងស្ដារអាង នៅចំណុចភូមិ-ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ទៅតាមការណែនាំបច្ចេកទេស ពីស្ថាប័នជំនាញ ក្រោយពីមានការឯកភាពពីអាជ្ញាធរ លើសំណើសុំ របស់សហគមន៍មេទឹកបឹងក្រោល ដើម្បី ស្ដារមេទឹកមួយនេះ ឱ្យ​មានជម្រៅជ្រៅ ដើម្បី បានស្តុកទឹក ទុក​បម្រើ​ដល់​ផលប្រយោជន៍រួមទាំងអស់គ្នា ខណៈបច្ចុប្បន្ន​នេះ​ មានសភាពគោករាក់ ហើយប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ទឹកទន្លេមេគង្គមិនបានហូរចូល តាមតម្រូវការនោះ​ឡើយ​ ។

បើ​តាម​លោក សៀម សុផល ប្រធានសហគមន៍មេទឹកបឹងក្រោល រស់នៅឃុំបាយ ស្រុកបាធាយ បានឱ្យដឹងថា​ ដោយសារបឹងក្រោលនេះ បានរីងរាក់ និងកង្វះខាតទឹកស្រោចស្រពស្រែប្រាំង ដែលមានទំហំប្រមាណជា ២០ហ.ត អស់រយៈពេលជាង ១០ឆ្នាំ មកហើយ ទើបតែពេលនេះ ពួកគាត់​បាន​សម្រេចស្នើទៅសុំអាជ្ញាធរ ដើម្បី ស្ដារមេទឹកនេះ​ឱ្យ​មានជម្រៅជ្រៅ សម្រាប់ស្តុកទឹក​បម្រើ​ដល់​ផលប្រយោជន៍ របស់​ប្រជាកសិករ ប្រមាណជា ១៩គ្រួសារ ដែលបង្កបង្កើនផល នៅក្នុងតំបន់មួយ​នោះ​។

បើតាមការបញ្ជាក់ ពីលោក ហ៊ីម ច័ន្ទមករា ម្ចាស់ក្រុមហ៊ុន ទទួលការគម្រោងស្ដារមេទឹក តំបន់​នោះ​ ក៏បាន​ឱ្យ​ដឹង​ដែរថា អ្វីដែលក្រុមរបស់លោកមកស្ដារអាង​ទឹក​នេះ គឺទទួលបានការស្នើសុំពីសហគមន៍ផ្ទាល់ ក៏ដូចជា ការឯកភាព និងការអនុញ្ញាតពីអាជ្ញាធរ ផងដែរ ។ ហើយការស្ដារអាងនេះដែរ គឺយើងអនុវត្តទៅតាមការណែនាំបច្ចេកទេសពីស្ថាប័នជំនាញ នៅលើផ្ទៃដីទំហំប្រមាណជា ២ហ.ត ប៉ុណ្ណោះ ។  មកដល់បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក បានអនុវត្តការងារ សម្រេចបានប្រមាណជា ៤០% ហើយ ដោយគ្រោងបញ្ចប់ នាពេលឆាប់ៗខាងមុខនេះ ។

បើតាម លោក ឃុត ឃីម មេឃុំបាធាយ បានឱ្យដឹងថា​ មេទឹកបឹងក្រោលនេះ ពុំមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋឡើយ ពោលគឺ ជាអាងកម្មសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋ បានរួមគ្នាថែរក្សា រាប់ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមក ដើម្បីធ្វើអាងទប់ទឹកសម្រាប់ស្រោចស្រពដំណាំ ។ លោកបន្តថា ដោយស្ថានភាពទឹកក្នុងអាងនេះរីងរាក់ ពួកគាត់ក៏បានដាក់សំណើមកអាជ្ញាធរ ដើម្បី ស្ដារមេទឹកនេះ សម្រាប់​ប្រើប្រាស់​បម្រើ​ដល់សហគមន៍របស់គាត់ តទៅអនាគត ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ លោក ផេន សុផល អភិបាលស្រុកបាធាយ បានគូសបញ្ជាក់ថា ផ្ទៃដីមេទឹកបឹងក្រោល នាបច្ចុប្បន្ន មានសភាពគោករាក់ ហើយប៉ុន្មានឆ្នាំមកនេះ ទឹកទន្លេមេគង្គមិនបានហូរចូលតាមតម្រូវការ របស់ប្រជាកសិករឡើយ ធ្វើ​ឱ្យ​មានការខ្វះខាតទឹក សម្រាប់ស្រោចស្រពផ្ទៃដីស្រែប្រាំង ប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ ។ ម្យ៉ាង​វិញ​ដីនៅតំបន់នេះ មិនមែនជាព្រៃលិចទឹកនោះទេ តែជាអាងសម្រាប់ស្តុកទឹកប្រើប្រាស់ របស់សហគមន៍ផ្ទាល់ ។ បន្ទាប់ពីទទួលបានការស្នើសុំ និងស្នាមមេដៃ របស់សហគមន៍ក្នុងតំបន់នោះ អាជ្ញាធរ ក៏​បានធ្វើការពិនិត្យលក្ខណៈបច្ចេកទេស ជាមួយមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ ហើយក៏សម្រេចយល់ព្រមអនុញ្ញាត ជូនសហគមន៍ ដើម្បី ស្ដារមេទឹកនេះ ឱ្យ​មានជម្រៅជ្រៅ ដែលអាចរក្សាបានទឹកទុកប្រើប្រាស់ ដើម្បី ជាប្រយោជន៍រួមទាំងអស់គ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here