ពលរដ្ឋ​ត្រេកអរ​ ខណៈ​អាជ្ញាធរ​ឃុំ​ត្រប់​ ឃុំ​សណ្តែក​ និង​ឃុំ​ទំនប់​ ត​គម្រោង​សាងសង់​ផ្លូវ​បេតុង​បន្ថែម​ ឱ្យ​បាន​​វែង​ជាង​ពេល​ដេញ​ថ្លៃ​

0
61


ដោយ លឹម សិលា
កំពង់ចាម​:​ ប្រជាពលរដ្ឋ​​ត្រេកអរ​សប្បាយរីករាយ​​ជាខ្លាំង​ ខណៈ​អាជ្ញាធរ​ឃុំ​ត្រប់​ ឃុំ​សណ្តែក​ និង​ឃុំ​ទំនប់​ ស្រុក​បាធាយ​ ដែលបាន​ត​គម្រោង​សាងសង់​ផ្លូវ​បេតុង​បន្ថែម​ ឱ្យ​បាន​ចំនួន​វែង​ជាង​ពេល​ដាក់​ដេញ​ថ្លៃ​ និង​ចំណាយ​ថវិកា​​ទាប​ជាង​តម្លៃ​ប៉ាន់ស្មាន​ច្រើន​ទៀត​ផង​​ ពោលគឺ​ការ​សាងសង់​បាន​រឹងមាំ​ល្អ​ ដោយ​គ្មាន​ស្នាម​ប្រេះស្រាំ​ឡើយ​ នេះ​ជា​ការ​បញ្ជាក់​របស់​លោកយាយ​ លោកតា​ ក្នុង​មូលដ្ឋាន​ឃុំ​ទាំង​៣ខាង​លើ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២៣​ ។

បេីតាម​លោក​ ង៉ោ​ ជោត​ មេឃុំ​ត្រប់​ បាន​ឱ្យដឹងថា​ គម្រោង​ផ្លូវ​បេតុង​ដែល​បាន​ដាក់​ដេញ​ថ្លៃ​ដោយ​មាន​ការ​ប្រកួតប្រជែង​នាពេល​​កន្លងទៅ​នេះ​ គឺ​មាន​ប្រវែង​ ​៣៦៥ម៉ែត្រ​ ក្នុង​តម្លៃ​ប៉ាន់ស្មាន​​ ២៦៨លានរៀល​ ហើយ​ដេញ​បាន​ដោយ​ឈ្មោះ​ អៀម​ អេម​ ក្នុង​តម្លៃ​ ៥៨លានរៀល​ ចំណែក​ថវិកា​ដែល​នៅ​សេសសល់​ ក្រុមប្រឹក្សា​ឃុំ​បាន​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ បន្ទាប់​មក​គណៈកម្មការ​លទ្ធកម្ម​ ក៏​បាន​សម្រេច​ត​គម្រោង​ធ្វើ​​​ផ្លូវ​ឱ្យ​​​បាន​វែង​បន្ថែម​ទៀត​ ។ លោក​មេឃុំ​ បាន​បញ្ជាក់​ថា​​ គម្រោង​ដេញ​ថ្លៃ​ផ្លូវ​បេតុង​នេះ​ ក្នុង​១ម៉ែត្រ​ការ៉េ​ តម្លៃ​៣២០០០រៀល​ ដោយ​ឃើញ​ថា​មាន​ទឹក​ដៃ​ល្អ​ គណៈកម្មការ​ ​ក៏​បាន​ស្នេីសុំ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​បន្ត​ ​ដោយ​ពេល​ធ្វើ​គម្រោង​គោល​មាន​ការ​ខាតបង់​ថវិកា​ច្រើន​ ខាង​ក្រុមហ៊ុន​បាន​ឯកភាព​គ្នា​ តគម្រោង​ក្នុង​១ម៉ែត្រ​ការ៉េ​តម្លៃ​ ១០ម៉ឺន​រៀល​ មានន័យ​ថា​តម្លៃ​នេះ​​នៅ​តែ​ទាប​ជាង​តម្លៃ​ប៉ាន់ស្មាន​ ដែល​បច្ចេកទេស​បាន​លេីក​ក្នុង​១ម៉ែត្រ​ការ៉េ​តម្លៃ​ ១៤៦៩០០រៀល​ អញ្ចឹង​វា​ទាប​ជាង​ក្នុង​១ម៉ែត្រ​ការ៉េ​ ៤៦៩០០រៀល​ ទេីប​សម្រេច​ឱ្យ​ក្រុមហ៊ុន​ធ្វើ​បន្ត​នោះ​ ។

លោក​មេឃុំ​ សណ្តែក​ បានឱ្យដឹងថា​ កញ្ចប់​ថវិកា​គម្រោង​មូលនិធិ​ឃុំ​ឆ្នាំ​២០២៣នេះ​ គឺ​មាន​ចំនួន​៣៨៩លានរៀល​ សម្រាប់​កសាង​ផ្លូវ​បេតុង​​ប្រវែង​​ ៥០៥ម៉ែត្រ​ បន្ទាប់ពី​ដាក់​ដេញ​ថ្លៃ​ស្រប​តាម​​នីតិវិធី​មក​ ក្រុមហ៊ុន​ លោក​ ឆេីត​ ឆេន​ ទទួល​យក​ក្នុង​តម្លៃ​ទាប​ជាង​គេ​ ៧៥លានរៀល​ ដូច្នេះ​យើង​នៅសល់​កញ្ចប់​ថវិកា​ទៀត​ បន្ទាប់​ពី​មាន​ការ​ប្រជុំ​​ឯកភាព​គ្នា​ ដោយ​មាន​យល់ស្រប​ពី​ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​ផង​នោះ​​ យើង​ក៏​បាន​ស្នេី​សុំ​ឱ្យ​ក្រុមហ៊ុន​ដដែល​នេះ​ តគម្រោង​ដេីម្បី​បំពេញ​តាម​​សេចក្ដី​ត្រូវ​ការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ហើយ​​ខាង​ក្រុម​ហ៊ុន​ក៏​បាន​ស្នើសុំ​តំឡើង​តម្លៃ​ខ្លះ​ ​ព្រោះ​ថា​តម្លៃ​ដេញ​ថ្លៃ​មុន​នោះ​វា​ទាប​ពេក​ ធ្វើ​ឱ្យ​​ក្រុម​ហ៊ុន​មាន​ការ​ខាតបង់​ថវិកា​ច្រើន​ ។

លោក​មេឃុំ​ ទំនប់​ បានឱ្យដឹងថា​ គម្រោង​សាងសង់​​ផ្លូវ​បេតុង​ក្នុង​មូលដ្ឋាន​ ​ប្រវែង​ ៣៥០ម៉ែត្រ​ តម្លៃ​ប៉ាន់ស្មាន​ ២៣៥លានរៀល​​ ក្រុម​ហ៊ុន​ ម៉ន​ សុផន​ ទទួល​យក​តម្លៃ​ទាប​ជាង​គេ​ ក្នុង​តម្លៃ​ ៨០លានរៀល​ ដូច្នេះ​កញ្ចប់​ថវិកា​យេីង​​នៅ​សល់​ បន្ទាប់ពី​ប្រជុំ​សិក្សា​ឯកភាព​គ្នា​គ្រប់​ភាគី​ បាន​សម្រេច​តគម្រោង​ចំនួន​ ១៣១២ម៉ែត្រ​ទៀត​

ជាមួយគ្នានោះ​ លោកយាយ​ លោកតា​​ ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ ក៏ដូចជា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ដែល​មាន​ទឹកចិត្ត​បម្រើ​ និង​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ឱ្យ​មាន​ការ​រីកចម្រើន​​ ជាពិសេស​បាន​កសាង​អភិវឌ្ឍ​ពី​ផ្លូវ​ដី​ ទៅ​ជា​ផ្លូវ​បេតុង​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​ ក៏ដូចជា​ការ​ធ្វើ​ដំណើរ​បាន​ងាយស្រួល​ និង​ឆាប់រហ័ស​ផងដែរ​ ។

LEAVE A REPLY

Please enter your comment!
Please enter your name here