អបអរសាទរយុទ្ធនាការផ្សព្វផ្សាយអប់រំសុខភាពស្តីពីជម្ងឺគ្រុនឈាមក្រោមវិធាបទ(ខ្ញុំនិងគ្រួសារខ្ញុំ ជាគ្រូសារគំរូ ព្រោះផ្ទះខ្ញុំនិងលំនៅ ដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក និងគ្មានវត្ថុដែលអាចដក់ទឹកបាន )

0
65


អត្ថបទនិងរូបភាពដោយលោក ឈឿង ចាន់
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៣ខែ មិថុនាឆ្នាំ២០២៣នេះ មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូនានាដើម្បីប្រារព្ធពិធីអបអរសាទរយុទ្ធនាការផ្សព្វផ្សាយអប់រំ សុខភាពស្តីពីជម្ងឺគ្រុនឈាម ក្រោមប្រធានបទ (ខ្ញុំនិងគ្រួសារខ្ញុំ ជាគ្រូសារគំរូ ព្រោះផ្ទះខ្ញុំនិងលំនៅ ដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក និងគ្មានវត្ថុដែលអាចដក់ទឹកបាន ) ពិធីនេះប្រព្រឹត្តទៅនៅសាលាក្រុង ព្រះវិហារក្រោមអធិបតីភាព លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ដោយមានវត្តមានចូលរួម ពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ បុគ្គលិកនៃមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរ ដែនដី មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការ ដៃគូនានាព្រមទាំងប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារជាច្រើនរូបទៀត ។
លោក រស់ សារី អភិបាលរងក្រុងព្រះវិហារបានអោយដឹងថា កម្មវិធីថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីពញ្ញាក់ស្មារតីបងប្អូនប្រជាពលរដ្ឋ អោយចាប់អារម្មណ៍អំពី ស្ថានភាពបច្ចុប្បន្ន និងបង្កើនការយល់ដឹង ស្តីពីជម្ងឺគ្រុនឈាម ហើយក៏ដើម្បីផ្សព្វផ្សាយវិធានការ ការពារនៃជម្ងឺគ្រុនឈាម ដល់សហគមន៍ផងដែរ។
លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានអោយដឹងថា ជម្ងឺគ្រុនឈាមជាជម្ងឺ ដ៏កាចសាហាវមួយ ដែលយាយីដល់ជីវិតមនុស្ស ជាពិសេសកុមារតូចៗ លោកបានបន្តថា យោង តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានអោយដឹងថា ក្នុងអំឡុង២៣សប្តាហ៏ ដើមឆ្នាំ ២០២៣នេះ ករណីឈឺដោយជម្ងឺគ្រុនឈាមទូទាំងប្រទេសមានចំនួន ៤០០០ ករណី ស្លាប់៧ ករណី ដែលបានកើតឡើងទៅលើខេត្តចំនួន៧ ក្នុងនោះក៏មានខេត្តព្រះវិហារយើងមួយផងដែរ បញ្ហាគ្រុនឈាមនៅក្នុងខេត្តព្រះវិហារ គិតចាប់ពីសប្តាហ៍ទី១ ដល់ទី២៤ ក្នុងរយៈ៥ឆ្នាំដូចគ្នារ បានបង្ហាញថា នៅឆ្នាំ២០១៩ មាន៥៤០ករណី ឆ្នាំ២០២០មាន ៤២ករណី .ឆ្នាំ២០២១មាន ៣ករណី .ឆ្នាំ២០២២មាន១៨ករណី .និងឆ្នាំ២០២៣នេះមានករណីឈឺចំនួន ១៩៩ករណី ក្នុងនោះអ្នកជម្ងឺទៅទទួលសេវាព្យាបាលនៅមូលដ្ឋានសុខាភិបាលក្រៅខេត្តមានចំនួន១១១ករណី
លោកបានអោយដឹងទៀតថាក្នុងឆ្នាំ២០២៣នេះមន្ទីរ សុខាភិបាលខេត្តបាន ចូលរួមទប់ស្កាត់ការរីក រាលដាលនៃជម្ងឺគ្រុនឈាម តាមរយៈការចុះដាក់ថ្នាំអាបែត នៅតាមពាងទឹក ឬអាងទឹកបានចំនួន ៤៤ឃុំស្មើនឹង១៧៧ភូមិ ចុះអប់រំសុខភាពបានចំនួន១១៦ភូមិ បានចុះធ្វើអន្តរាគមន៍ដោយការ បាញ់ថ្នាំកំចាត់ភ្នាក់ងារចម្លងរោគនៅភូមិដែលរាតត្បាតបានចំនួន២ភូមិ ស្មើនឹង១៣៨២ខ្នងផ្ទះ និងមានការព្យាបាលជម្ងឺគ្រុនឈាមយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យនៅតាមមូលដ្ឋានជូនដល់ប្រជាពលរដ្ឋយើងផងដែរ។
លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ កោតសរសើរដល់មន្ទីរសុខាភិបាលខេត្ត ក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធ អង្គការដៃគូ ដែលបាន រួមគ្នាទប់ស្កាត់ការរីករាលដាលនៃជម្ងឺគ្រុនឈាមនាពេលកន្លងមក លោកក៏បានសំណូមពរទៅដល់ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់ ពិសេសអាជីវករ និងម្ចាស់អាជីវកម្ម ទាំងឡាយដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡាន ម៉ូតូ សូមចូលរួមសម្អាត អនាម័យបរិវេណផ្ទះ សម្បែងអោយបានស្អាត និងរៀបចំទុកដាក់ឬលុប.កប់ និងដុតចោល នៅវត្ថុ ទាំងឡាយណាដែល អាចដក់ទឹក ដែលបង្កជាជម្រក ពង កូនសម្រាប់មូសខ្លាដែលជាប្រភពចម្លង នៃជម្ងឺគ្រុនឈាម ហើយបើករណីមានសមាជិកគ្រួសារមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗលើសពី ៣៨អង្សា ត្រូវប្រញាប់នាំអ្នកជម្ងឺទៅរកសេវា ពិនិត្យនិងព្យាបាល របស់រដ្ឋ ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់។ លោកក៏បានអំពាវនាវសុំអោយអាជ្ញាធរគ្រប់មូលដ្ឋាន ទាំងអស់ ទូទាំងខេត្តព្រះវិហារបន្តផ្សព្វផ្សាយនូវយុទ្ធនាការនាថ្ងៃនេះដើម្បី អោយបងប្អូនចូលរួម ក្នុងការពង្រឹងអនុវត្តវិធានការ ការពារសុខភាព អោយបានល្អចៀសផុតពីការ ឆ្លងជម្ងឺគ្រុនឈាម ដោយសារមូសខ្លាញីខាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here