ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី សម្ភោធ​សមិទ្ធផល​នានា​ ក្នុង​សង្កាត់​ទាំង​៤​ នៃ​ក្រុងកំពង់ចាម​ ​សរុប​ថវិកា​ជាង​ ១៥លាន​ដុល្លារ​ ​

0
40


កំពង់ចាម​:​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តកំពង់ចាម​ នៅ​​ថ្ងៃទី​២២​ ខែមិថុនា​ ឆ្នាំ​២០២៣​នេះ​ បាន​អញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ កុដិ ១ខ្នង កម្ពស់​ ២ជាន់ នៅវត្តជោតនារាមបឹងកុក​ និង​សម្ពោធឧបដ្ឋានសាលា នៅវត្តខេមវន្ត(បឹងស្នាយ) ព្រមទាំង​​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សមិទ្ធផល​នានា​ ​ក្នុង​សង្កាត់​បឹងកុក សង្កាត់កំពង់ចាម​ សង្កត់​សំបួរមាស​ និង​សង្កត់​វាលវង់​ នៃ​ក្រុងកំពង់ចាម​ ដែល​សរុប​ជា​ថវិកា​អស់​ជាង​ ១៥លាន​ដុល្លារ​អាមេរិក​ ។

ថ្លែង​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​អភិបាលខេត្តកំពង់ចាម​ បានលើក​ឡើង​ថា​ សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅ​ក្នុង​ក្រុងកំពង់ចាម​ សរុប​ចំនួន ៧០គម្រោង ចំណាយ​អស់​ថវិកាប្រមាណ ១៥.៤២៦.៤៦៨​​ដុល្លា​អាមេរិក​ ក្នុងនោះ សមិទ្ធផលនៅសង្កាត់បឹងកុក​ មានចំនួន ១៦គម្រោង​ ចំណាយថវិកា​ប្រមាណ​ជាង​ ៣លាន​ដុល្លារ​ ។ ​សមិទ្ធផល​នៅសង្កាត់កំពង់ចាម​ មាន​ចំនួន​ ២២គម្រោង​ ចំណាយ​ថវិកា​ប្រមាណ​ជាង​ ៣លាន​ដុល្លារ​ ។ ចំពោះ​​សមិទ្ធិផលនៅសង្កាត់សំបួរមាស មានចំនួន​ ១៩គម្រោង ចំណាយទឹក​ថវិកា​ជាង​ ៥លាន​ដុល្លា​ ។ និង​​សមិទ្ធិផលនៅសង្កាត់វាលវង់ មានចំនួន​ ១៣គម្រោង ​ចំណាយថវិកាប្រមាណ​ជិត​ ៤ដុល្លាអាមេរិក​ផងដែរ​ ។

ស្ថិត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម ឧបនាយករដ្ឋមន្តី យឹម ឆៃលី បានថ្លែងថា​ វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ។ ជាក់ស្តែងកាលពីសម័យសង្គ្រាម និងក្នុងរបបប្រល័យពូជសាសន៍ ព្រះពុទ្ធសាសនាត្រូវបានពួកប៉ុល ពត បំផ្លាញគ្មានសល់ ហើយបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ ក៏មិនមានឱកាសបានធ្វើបុណ្យជួបជុំគ្នាដូចសព្វថ្ងៃនេះដែរ។​ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងតាមរយៈការដាក់ចេញនូវនយោបា យ ឈ្នះ ឈ្នះរបស់សម្តេចតេជោ បានធ្វើឱ្យកម្ពុជាទទួលនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ​ និងទឹកដីទាំងស្រុង ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រទេសជាតិទ្បើងវិញលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ជាពិសេស​គឺ​ធនធានមនុស្ស​ ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ បាន​បន្ត​ថា​ យើងទាំងអស់គ្នាមើលឃើញច្បាស់ថាសមិទ្ធផលទាំងឡាយ ដែលបានអភិវឌ្ឍ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោម ការដឹកនាំប្រកបគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នេះគឺជាអំណោយផលដ៏វិសេសវិសាល ឱ្យយើងអាចជំរុញការអភិវឌ្ឍរីកចម្រើននៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាជនយើងពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការរីកចម្រើនទៅមុខជាលំដាប់។ ដូច្នេះយើងទាំងអស់គ្នា ត្រូវគោរពស្រឡាញ់ដឹងគុណ និងអរគុណសន្តិភាព និងអរគុណនយោបាយឈ្នះ-ឈ្នះ ដែលបានធ្វើឱ្យប្រទេសជាតិសុខសប្បាយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here