ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ប្រាប់​សភា​ពាណិជ្ជកម្ម​​ ឱ្យ​បន្ត​គៀងគរ​ដៃគូវិនិយោគ កាន់តែច្រើនឡើងថែមទៀត មកធ្វើការអភិវឌ្ឍ និង​បង្កើន​មុខរបរ​លក់ដូរ​ជូន​អាជីវករ​នៅខេត្តកំពង់ចាម

0
38


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ប្រាប់​ថ្នាក់ដឹកនាំ​សភា​ពាណិជ្ជកម្ម​មណ្ឌល​កំពង់ចាម​ ឱ្យ​បន្ត​ធ្វើ​ការ​ទំនាក់ទំនង ជាមួយដៃគូវិនិយោគ កាន់តែច្រើនឡើងថែមទៀត មកធ្វើការអភិវឌ្ឍ និង​បង្កើន​មុខរបរ​លក់ដូរ​ជូន​បងប្អូន​អាជីវករ​ នៅខេត្តកំពង់ចាម ខណៈ​ក្នុង​អាណត្តិ​ថ្មី​នេះ​សភាពាណិជ្ជកម្ម​ បាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​វិនិយោគ​ ដេីម្បី​​ជួយ​ដល់​អាជីវករ​យើង​បាន​ច្រើន​ ការ​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​អាជីវករ​ ក្នុង​ក្រុងកំពង់ចាម​ នាល្ងាច​ថ្ងៃទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២៣​ នៅ​មជ្ឈមណ្ឌល​យៀកថៃ​ក្រុងកំពង់ចាម​ ។

ក្នុង​ឱកាស​​សំណេះសំណាល​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ កត្តា​ជំនឿ​ពិតជា​សំខាន់​ណាស់​ ទាំង​ក្នុង​អង្គភាព​ និង​អតិថិជន​ ដូច្នេះ​ហើយ​ដេីម្បី​ឱ្យ​មាន​ការ​រីកចម្រើន​លើ​មុខ​ជំនួញ​រកស៊ី​ទទួលទាន​ ជូន​បងប្អូន​អាជីវករ​យើង​នោះ​ ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​​ ដែល​មានលោក​ឧកញ៉ា​ ហួត​ ឈឿន ជាប្រធាន មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ទេីប​ជាប់​ឆ្នោត​ក្នុងអាណត្តិទី៣នេះ​ ត្រូវ​បង្កើន​​ឱ្យ​មាន​ការ​ជឿទុកចិត្ត​ពីសំណាក់​អ្នក​វិនិយោគិន​ជាមុនសិន​ ពី​ព្រោះ​ថា​បេី​មាន​គេ​ជឿជាក់​លើ​​យេីង​ហើយ​នោះ​ គេ​នឹង​មក​ចាប់​ដៃគូសហការ​រកស៊ី​វិនិយោគ​ជាមួយ​យើង​មិនខាន​ ពេល​នោះ​ហើយ​ដែល​បងប្អូន​អាជីវករ​បាន​ទទួល​អត្ថប្រយោជន៍​ពី​សភាពាណិជ្ជកម្ម​យើង​​ ។

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​​​ បាន​​ផ្តល់​សិទ្ធិ​ សម្រាប់​ធ្វើ​ការ​វិនិយោគ​ ដោយ​អាជ្ញាធរ​ខេត្ត​ មាន​សិទ្ធិ​សម្រេច​ ក្រោម​ទុន​៥លាន​ដុល្លារ​ ខណៈ​ដែល​រាជរដ្ឋាភិបាលកម្ពុជា បាន​បង្កើត​ឱ្យ​​មាន​សភាពាណិជ្ជកម្ម ដើម្បី ធ្វើជា​អាណាព្យាបាល​ និង​ជា​តំណាង​ឱ្យ​អាជីវករ ក្នុងការផ្ដល់អត្ថប្រយោជន៍សម្រាប់បងប្អូនអាជីវករ ដើម្បីធ្វើការទំនាក់ទំនង ស្វែងរក​ដៃគូវិនិយោគគិន ទាំងក្នុង និងក្រៅប្រទេស មកបណ្ដាក់ទុន​វិនិយោគ​នៅកម្ពុជា​ ក្នុងការធ្វើជំនួញផ្សេងៗ ។ ជាមួយ​គ្នា​នោះអាជ្ញាធរខេត្ត នៅតែបន្តសកម្មភាព ជួយដល់សភាពាណិជ្ជកម្ម​ ដើម្បីបន្តបង្កើតនូវទំនាក់ទំនង ជាមួយដៃគូវិនិយោគ ឱ្យ​កាន់តែច្រើនឡើងថែមទៀត មកធ្វើការអភិវឌ្ឍ នៅខេត្តកំពង់ចាម ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here