ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានអញ្ជើញជាគណ:អធិបតី ដ៏ខ្ពង់ខ្ពស់ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន នៅស្រុករំដួល ខេត្តស្វាយរៀង

0
64


ដោយ.ថត ភារៈ
ស្វាយរៀង ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន សរុប ២៩៨/១១៨ នាក់ នៅស្រុករំដួល ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្ញើជូនសមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជានៅស្រុករំដួលនាពេលនេះ។

ឯកឧត្តម បានបន្តទៀតថា ការបំពាក់មេដាយជូនបងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅស្រុករំដួលនាពេលនេះ គឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះអតីតយុទ្ធជនកម្ពុជា របស់យើង គិតគូរដល់ជីវភាព រស់នៅ ពិសេសគិតគូរដល់កិត្តិយសរបស់សមាជិកអតីតយុទ្ធជនកម្ពុជារបស់យើង ដែលបានបម្រើជាតិនារយៈពេលកន្លងមកនេះ។ 

ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានបន្តថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការឆ្លើយតបទៅនឹងពលីកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជា ដែលត្រូវបានចាត់ទុកថាជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្តម និងមានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ សម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ ប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ដល់អតីតយុទ្ធជនកម្ពុជាចំនួន ៨៦,៩៣១ នាក់ នៅទូទាំងប្រទេស។ សម្រាប់ខេត្តស្វាយរៀង ទទួលបានមេដាយចំនួន ៣,៤៣៦នាក់ ដែលត្រូវបានយកមកបំពាក់ជូនអតីតយុទ្ធជន។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមទៀតថា សម័យអតីតរដ្ឋកម្ពុជា គឺបានរៀបចំសមាគមអតីតយុទ្ធជនម្តងហើយ ប៉ុន្តែក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មិនទាន់រៀបចំឡើងវិញទេ រហូតឆ្នាំ២០០៧ ទើបរាជរដ្ឋាភិបាលមានការរៀបចំឡើងវិញ។

ឯកឧត្តម បានថ្លែងអំពាវនាវសមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅស្រុករំដួល ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យនៅគង់វង្សយូរអង្វែង ត្រូវបន្តគាំទ្រកម្មវិធីនយោបាយ នានារបស់រាជរដ្ឋាភិបាល ចូលរួមការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here