ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ៖​ រាជរដ្ឋាភិបាលបច្ចុប្បន្ន មានចក្ខុវិស័យវែងឆ្ងាយ តម្កល់ផលប្រយោជន៍ជាតិជាធំ សមិទ្ធផល និងគម្រោងអភិវឌ្ឍជាច្រើនបានកកើតឡើងនៅទូទាំងប្រទេស

0
70


កំពង់ចាម​:​ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងគោលនយោបាយច្បាស់លាស់ រួមជាមួយនឹងការតម្កល់ផលប្រយោជន៍ជាតិជាធំ, សមិទ្ធផល និងគម្រោងអភិវឌ្ឍជាច្រើនបានកកើតឡើងនៅទូទាំងប្រទេស ហើយក៏នឹងបន្តរីកដុះដាលបន្ថែមទៀតឥតឈប់ឈរបន្តទៅអនាគត។ ជាក់ស្តែងគម្រោងអភិវឌ្ឍសំខាន់ៗចំនួន ៣ ដែលអាចនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់សម្រាប់អ្នកខេត្តកំពង់ចាម និងប្រជាជននៅទូទាំងប្រទេស ក្នុងនោះរួមមាន៖ ១. គម្រោងពង្រីកផ្លូវជាតិលេខ ៧, ២. គម្រោងស្ពានតភ្ជាប់កំពង់ធំ-កំពង់ឆ្នាំង និង ៣. គម្រោងជាប្រវត្តិសាស្ត្រតភ្ជាប់ទន្លេទៅសមុទ្រ “ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ និងទេសចរណ៍ ដោយនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិ​។​ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អគារទីចាត់ការ និងបណ្ណាល័យ នៅសាលាបឋមសិក្សាព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត​ បានថ្លែងថា​ បច្ចុប្បន្ននេះ ប្រទេសជាតិយើងបានឆ្លងរួចផុតពីវិនាសកម្មសង្គ្រាមរ៉ាំរ៉ៃ និងទុក្ខលំបាកវេទនាទាំងឡាយទាំងពួង ហើយក៏កំពុងស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍រីកចម្រើនទៅមុខ ដោយបានគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសឱ្យរួចផុតពីរបបប៉ុលពត និងនាំមកនូវសន្តិភាពពេញលេញ និងឯកភាពទឹកដីតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលអាចប្រសិទ្ធនាមបានថាជា “សម័យតេជោសន្តិភាព”។

បេីតាម​សេចក្តី​រាយការណ៍​របស់ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ បន្ទាប់​ពីទទួលបានសមិទ្ធផលជាច្រើនពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ក៏ដូចជា​ការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស វិស័យអប់រំនៅក្នុងខេត្តកំពង់ចាមបច្ចុប្បន្ន មានការរីកចម្រើនគួរឱ្យកត់សម្គាល់​ ដោយ​មានគ្រឹះស្ថានសិក្សា ចំនួន ៥៣៧កន្លែង ឃុំ–សង្កាត់មួយមានអនុវិទ្យាល័យ ១កន្លែង មានចំនួន ១០៨ឃុំ–សង្កាត់ លើក១០៩ឃុំសង្កាត់ ស្មើនឹង​ ៩៩ភាគរយ។ ក្នុងនោះ មត្តេយ្យសិក្សា ចំនួន ២៨៣កន្លែង​ បឋមសិក្សា ចំនួន ៤០៧កន្លែង, អនុវិទ្យាល័យ ចំនួន​ ៨១កន្លែង និងវិទ្យាល័យ ចំនួន​ ៤៣កន្លែង។ គ្រឹះស្ថានឧត្តមសិក្សា ចំនួន​ ១០កន្លែង គ្រឹះស្ថានឧត្តមសិក្សារដ្ឋ ចំនួន ៣កន្លែង និងឯកជនចំនួន ៦កន្លែង និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សរុប ៨២កន្លែង ក្នុងនោះ សាលារដ្ឋ ចំនួន ៨កន្លែង និងសាលាឯកជន ចំនួន​៧៤កន្លែង​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here