ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត​ ចែក​ជូនពលរដ្ឋងាយរងគ្រោះ​ជីវភាព​ខ្វះខាត ៣០០គ្រួសារ នៅស្រុកជើងព្រៃ

0
55


ដោយ:ប៉ៃ លិន
កំពង់ចាម:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី​៦​ ខែមិថុនា​​ ឆ្នាំ​២០២៣នេះ​ បាននាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចែកជូនជនងាយរងគ្រោះ​ ចាស់ជរា ជនមានពិការភាព ស្ត្រីមេម៉ាយក្រីក្រ អ្នក​មានជំងឺប្រចាំកាយ ទ័លលំបាក និងកុមារកំព្រា ចំនួន ៣០០គ្រួសារ មកពីឃុំផ្តៅជុំ និងឃុំខ្នុរដំបង ក្នុង​ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ។
        
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ  ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជូនដល់លោកយាយ លោកតា​ បងប្អូន​ប្រជាពលរដ្ឋ​ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត  ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ  ហើយតែងបានចាត់តំណាង ឱ្យ​ចុះអន្តរាគមន៍ ជួយសម្រាល ទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។
     
ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកយាយ​ លោកតា​ចាស់ៗ ក្នុងស្ថានភាពអាកាសធាតុ មានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកយាយ លោកតា​បងប្អូនទាំងអស់ មានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍​ ។
     ​
ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ លោកយាយ លោកតា​ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់សូមបន្តអប់រំណែនាំកូនចៅ​ឱ្យ​បានយល់ដឹងអំពីសារៈសំខាន់នៃសន្តិភាព​ ដែលសម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងរកបាន​មក​ដោយលំបាក ដូច្នេះ​យេីង​ត្រូវ​អរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន ពោលគឺ​ត្រូវ​ប្តេជ្ញាថែរក្សាការពារ មរតកសន្តិភាពសម្ដេចតេជោ ឱ្យ​បាន​ឋិតថេរគង់វង្ស ហើយប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំកម្ពុជា វិលទៅរកគ្រោះមហន្តរាយ សារជាថ្មីទៀត​នោះ​ ។ 
      
គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកយាយ លោកតា​ បងប្អូន​ប្រជាពលរដ្ឋ​ ងាយរងគ្រោះ ទាំង ៣០០គ្រួសារ ដោយ​ក្នុង ១គ្រួសារ ទទួលបាន ៖ – អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មី ១កេស,  ទឹកស៊ីអ៊ីវ ១យួរ,  ត្រីខ ១០កំប៉ុង ឃីត ១កញ្ចប់ និងថវិកា ៣០,០០០ រៀល ។
      
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តផ្តៅជុំ នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ និងបច្ច័យ មួយចំនួនផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here