ឯកឧត្តមវេជ្ជបណ្ឌិត​ យឹម ឆៃលី បានថ្លែង​ប្រាប់​ ក្រុម​ការងារ​បក្ស​​ស្រុក​ព្រៃឈរ​ ត្រូវ​​ក្តាប់​ឱ្យ​ជាប់​អំពី​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​​ និង​​ក្តាប់​ឱ្យ​បាន​​ផែនការ​សកម្មភាព​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស

0
61

កំពង់ចាម​:​ ឯកឧត្តមវេជ្ជបណ្ឌិត​ យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បានថ្លែង​ប្រាប់​ ប្រធាន​ អនុប្រធាន​ ក្រុម​​​បក្ស​ទូទាំង​ស្រុក​ព្រៃឈរ​ ត្រូវ​​ក្តាប់​ឱ្យ​ជាប់​អំពី​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​ និង​​ក្តាប់​ឱ្យ​បាន​​ផែនការ​សកម្មភាព​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ខេត្ត​ រួម​នឹង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ដែល​បាន​ធ្វើ​កន្លង​មក​ប្រកប​ដោយ​ភាព​​ជោគជ័យ​ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្សទូទាំងស្រុក​ព្រៃឈរ​ ប្រមាណ​ជាង​៨០០០នាក់ មកពីឃុំចំនួន១៥ នាព្រឹកថ្ងៃទី​៤​ ខែមិថុនា​ ឆ្នាំ​២០២៣​ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក គណៈអចិន្ត្រៃយ៍បក្សខេត្ត មន្ត្រីគណបក្សមូលដ្ឋាន មន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងសកម្មជនគណបក្សដែលមានអ្នកចូលរួមប្រមាណ​ជាង​ ៨០០០នាក់​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តមវេជ្ជបណ្ឌិត​ យឹម ឆៃលី បានថ្លែងថា​ ប្រជាជនកម្ពុជាបានជឿជាក់យ៉ាងមោះមុតលើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្រ្គាមនៅកម្ពុជា តាមនយោបាយឈ្នះ ឈ្នះ នាំប្រទេសជាតិឱ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ខ្មៅងងឹត និងឈឺចាប់បំផុត មកកាន់សម័យដ៏ភ្លឺថ្លាដែលពោរពេញដោយក្តីសង្ឃឹម និងបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតបច្ចុប្បន្ន ពោលគឺ​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី គឺជាមហារដ្ឋបុរសមួយរូបដែលមានឆន្ទៈមោះមុត និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដើម្បីដឹកនាំ និងកសាងប្រទេសជាតិយើង​ នេះគឺជាប្រវត្តិសាស្រ្តមួយដែលគ្មាននរណាម្នាក់អាចមើលរំលងបាន​ ។

ជាមួយគ្នានោះ​ ឯកឧត្តមវេជ្ជបណ្ឌិត​ យឹម ឆៃលី​ បានថ្លែង​ប្រាប់​ ប្រធាន​ អនុប្រធាន​ ក្រុម​​​បក្ស​ទូទាំង​ស្រុក​ព្រៃឈរ​ថា​ ចំពោះ​​គោលនយោបាយ​យុទ្ធសាស្ត្រ​​របស់​គណបក្ស​ ត្រូវ​ក្តាប់​ឱ្យ​បាន​​ច្បាស់​​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​មួយ​ ដែល​មាន​បទពិសោធន៍​គ្រប់គ្រាន់​ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​ គឺ​ការ​បោះឆ្នោត​៥ឆ្នាំ​ម្តង​ ប្រកប​ដោយ​ភាព​ជោគជ័យ​ ។ និង​សូម​ឱ្យ​បន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកលដែលប៉ុនប៉ងធ្វើឱ្យរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និង ដំណើរការបោះឆ្នោតនៅកម្ពុជា​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here