អាជ្ញាធរក្រុងស្វាយរៀងអំពាវនាវដល់ពលរដ្ឋកុំលែងសត្វគោក្របីនៅតាមដងផ្លូវពាសវាលពាសកាល ដែលនាំឲ្យបង្ករគ្រោះថ្នាក់ចរាចរណ៍

0
65


ដោយ:ថត ភារៈ
ស្វាយរៀង ៖ អាជ្ញាធរក្រុងស្វាយរៀងបានធ្វើការអំពាវនាវនិងចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វគោក្របី កុំឲ្យលែងផ្តេសផ្តាស ដើម្បីចូលរួមការពារកុំឲ្យកើតឡើង គ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ។ សកម្មភាពនេះធ្វើឡើងក្នុងទិសដៅទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមានឡើងនៅតាមដងផ្លូវសាធារណៈនានាក្នុង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោកសាំង ឡៃ នាយករងរដ្ឋបាលសាលាក្រុងស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣នេះថា ដោយមានបទបញ្ជាពីលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង លោកបានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីការលែងសត្វនៅតាមដងផ្លូវដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ ដើម្បីជាការពញ្ញាក់ស្មារតីដល់ម្ចាស់សត្វ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក៏ដូចជាការរួមចំណែកក្នុងការកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសាធារណៈផងដែរ។

លោកបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវសាធារណៈ ជាទូទៅគឺបានកើតឡើងដោយកត្តាច្រើនយ៉ាងរួមមាន កត្តាមនុស្ស កត្តាយានយន្ត កត្តាផ្លូវ កត្តាសត្វជាដើម។ តែក្នុងពេលនេះ លោកសូមលើកឡើងពីកត្តាសត្វ ដែលតែងតែធ្វើឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសារម្ចាស់សត្វលែងផ្តេសផ្តាស់ខ្វះការ ប្រុងប្រយ័ត្ន។

លោកបានបន្តថា ក្នុងនាមលោកអភិបាលក្រុងស្វាយរៀងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វ ពិសេសម្ចាស់សត្វគោ ក្របី សូមមេត្តាចិញ្ចឹមដោយការទទួលខុសត្រូវខ្ពស់ ពោលគឺត្រូវមើលថែ គ្រប់គ្រងឲ្យបានល្អ កុំលែងពាសវាលពាសកាល ដែលនាំឲ្យបង្កគ្រោះថ្នាក់ ពិសេសគឺបង្ករគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិខ្លួនឯង និងអ្នកដ៏ទៃ ព្រោះនៅក្នុងភូមិសាស្ត្រក្រុងស្វាយរៀងមានរថយន្តដឹកកម្មកររោងចក្រនិងប្រជាពលរដ្ឋធ្វើដំណើរទៅមកយ៉ាងច្រើនផងដែរ។

បន្ថែមលើសពីនេះលោកសាំង ឡៃក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តចូលរួមអនុវត្តន៍គោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវដឹកលើសទម្ងន់ មិនត្រូវដឹកសំពីងសំពោង មិនត្រូវបើរបរក្នុងស្ថានភាពស្រវឹង បើកបរវ៉ាជែងដោយប្រថុយប្រថាន ពិសេសសូមពាក់ខ្សែរក្រវ៉ាត់និងមួកសុវត្ថិភាពជានិច្ច រាល់ពេលបើកបរនៅតាមដងផ្លូវឲ្យបានភ្ជាប់ខ្ជួនដោយលោកអភិបាលក្រុងមានការចូលចិត្តទុកដាក់ពីសុវត្ថិភាពបងប្អូនជាពលរដ្ឋ នោះប្រជាពលរដ្ឋនៅសង្កត់ពោធិ៍តាហោក្រុងស្វាយរៀងនិងកម្មករកម្មការិនីរោងចក្រទាំងអស់មានការរីករាយសប្បាយចិត្តយ៉ាងខ្លាំងដោយលោកអភិបាលក្រុងគិតគូរអំពីសុខទុក្ខនិងសុវត្ថិភាពដល់ប្រជាពលរដ្ឋ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here