ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញដល់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ត្រូវបន្តនិងបង្រីកសមាជិក សមាជិកា ឲ្យកាន់តែច្រើនដើម្បីរួមគ្នាជួយដល់សង្គមជាតិយើង

0
47


ដោយ:ថត ភារៈ ស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ជំរុញឲ្យថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បន្តពង្រីកសមាជិក សមាជិការបស់ខ្លួនឲ្យបានច្រើន ដើម្បីរួមគ្នាជួយដល់សង្គមជាតិ។ ការថ្លែងបែបនេះរបស់ឯកឧត្តម ម៉ែន វិបុល ធ្វើឡើងក្នុងកិច្ចជំនួបជាមួយក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ក្នុងកិច្ចជំនួបនោះឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងជាប្រធានក្រុមការងារ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ម៉ែន វិបុល និងរដ្ឋបាលខេត្តស្វាយរៀង ដែលបានអនុញ្ញាតឲ្យក្រុមការងាររបស់សមាគម ចូលជួបសម្តែងការគួរសម បង្ហាញសមាសភាពថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងស្នើសុំកិច្ចសហការពីរដ្ឋបាលខេត្ត ដើម្បីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បានបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ក៏ដូចជាសង្គមជាតិទាំងមូល ពិសេសបានចូលរួមចំណែកជួយដល់កិច្ចការងារផ្សេងៗរបស់រដ្ឋបាលខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានជម្រាបជូនដល់ឯកឧត្តមអភិបាលខេត្ត អំពីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA ជាសមាគមក្រៅរដ្ឋាភិបាល បង្កើតឡើងដោយក្រុមយុវជនជាបញ្ញាវន្តខ្មែរ និងអ្នកមានអាជីព និងបទពិសោធលើវិស័យសារព័ត៌មាន ជាពិសេសជាក្រុមយុវជនខ្មែរ ដែលស្រលាញ់កិច្ចការងារសង្គម ការងារមនុស្សធម៌ វិស័យសារព័ត៌មាន ការអភិវឌ្ឍធនធានមនុស្ស សាសនា អប់រំ កីឡា សិល្បៈ វប្បធម៌។ល។ ត្រូវចុះបញ្ជីដោយក្រសួងមហាផ្ទៃ លេខ ១ ០៥៩ ប្រក. ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងក្រសួងព័ត៌មាន លេខ០០៥ ព.ស ល.អ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានបន្តថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងក្នុងគោលបំណង ៖ ទី១. កៀរគរអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ចូលជាសមាជិក ដើម្បីរួមគ្នាពង្រឹងគុណភាពនៃការផ្សព្វផ្សាយ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ឱ្យបានត្រឹមត្រូវ បើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាន ច្បាប់ និងជំនាញអភិវឌ្ឍធនធានមនុស្សផ្សេងៗទៀត។ ទី២. ចូលរួមផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឲ្យបានកាន់តែទូលំទូលាយ ផ្សព្វផ្សាយនិងជំរុញគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ ឱ្យកាន់តែមានប្រសិទ្ធភាព។ ទី៣. បង្កើតដៃគូសហការជាមួយអង្គការ សមាគម សហគមន៍ ក្រុមហ៊ុន សហគ្រាសនានាដើម្បីរួមគ្នាបម្រើកិច្ចការងារសង្គម ការពាររាជរដ្ឋាភិបាលស្របច្បាប់ ថែរក្សានិងការពារសុខសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា។ ទី៤. កៀរគរសិស្ស និស្សិត យុវជន យុវនារី ចូលជាសមាជិក ដើម្បីរួមគ្នាធ្វើកិច្ចការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ វប្បធម៌ ។

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានបន្តទៀតថា រយៈពេល ១ឆ្នាំ ២ខែ នៃការបើកដំណើរការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រោមការដឹកនាំ ចង្អុលបង្ហាញ និងឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សមាគមសម្រេចបានលទ្ធផលមួយចំនួនដូចជា៖ ១. មានអង្គភាពសារព័ត៌មាន ចំនួន ៥២អង្គភាព ជាសមាជិក ២. មានអង្គការ សមាគម ជាដៃគូ ចំនួន ១០ស្ថាប័ន ៣. មានក្រុមហ៊ុន សហគ្រាស ជាដៃគូ ចំនួន ២៣ស្ថាប័ន ៤. មានសមាជិក សមាជិកាទូទាំងប្រទេស ចំនួន ២ ៥១៨អង្គ/នាក់ ៥. រៀបចំរចនាសម្ព័ន្ធសមាគមរាជធានី ខេត្ត បានចំនួន ១០រាជធានី ខេត្ត ៦. បានបើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាន ចំនួន ២វគ្គ ដែលមានសិក្ខាកាមចូលរួមចំនួន ៩៥០អង្គ/នាក់ ៧. បានចេញផ្សាយព័ត៌មានពីរាជរដ្ឋាភិបាល គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងថ្នាក់ក្រោមជាតិ បាន២៣៧៥០ព័ត៌មាន ៨. ផ្តល់អាហារូបករណ៍ ១០០% ជូនដល់សមាជិក សមាជិកា បានចំនួន ៧៥កន្លែង ៩. ជួយរកការងារជូនសមាជិក សមាជិកា បានចំនួន ១៥នាក់ ១០. បានផលិតវីដេអូអប់រំខ្លីៗ បានចំនួន ៥វីដេអូ ១១. ចុះធ្វើសកម្មភាពមនុស្ស ចំនួន ៣០លើក ១២. រៀបចំអ្នកសង្កេតការណ៍បោះឆ្នោតជាតិឆ្នាំ២០២៣ បានចំនួន ៣ខេត្ត រួមមាន ៖ ខេត្តស្វាយរៀង ព្រៃវែង និងខេត្តបន្ទាយមានជ័យផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here