អាជ្ញាធរខេត្តកំពង់ចាម ឃ្លុំ​​កំណត់ដីបឹងចារ​ រក្សា​ទុក​ជា​សម្បត្តិ​រដ្ឋ​ បន្ទាប់ពី​រកឃើញមានការឈូសឆាយ​ដោយ​ខុសច្បាប់

0
61


ដោយ លឹម សិលា
កំពង់ចាម:​ ​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ ​បាន​សម្រេច​ឃ្លុំ​កំណាត់​ដី​បឹង​ចារ​ ​​រក្សា​ទុក​ជា​សម្បត្តិ​របស់​​រដ្ឋ​ បន្ទាប់​ពី​មន្ត្រី​ជំនាញ​ចុះ​​ស្រាវជ្រាវ​រក​ឃើញ​មាន​ការ​ឈូស​ឆាយ​ដោយ​ខុសច្បាប់​ ព្រមទាំងកំណត់មុខសញ្ញាជន​ជាប់​ពាក់ព័ន្ធការទិញ-លក់ និងឈូសឆាយដីរដ្ឋខុសច្បាប់ ប្រមាណ​ជា​ ១ហិចតា ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ផងដែរ​ ។

លោក​ ស្រី សុភ័ក្រ អភិបាលរងខេត្ត​កំពង់ចាម​ និងជាអ្នកនាំពាក្យ បានឱ្យដឹងថា​ ជុំវិញ​ករណី​ឈូស​ឆាយ​ប៉ះពាល់​ដី​បឹង​​ដោយ​ខុសច្បាប់​នេះ​ គឺ​មិន​មាន​ការ​គប់គិត​ជាមួយ​ឈ្មួញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​​នោះទេ​ ពោលគឺ​ អ្នក​ដែល​បាន​ឈូស​ឆាយ​នេះ​ បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ ក្នុង​ការ​ព្រមព្រៀង​គ្នា​ដោយ​​ផ្ទាល់មាត់​​ ដែល​​ពុំមាន​ការ​ដឹងឮ​ពី​អាជ្ញាធរ​ឡើយ​ ។ ទោះជា​យ៉ាងណា​ក្រោយ​ពី​មាន​ករណី​នេះ​កេីតឡេីង​ យេីង​បានចាត់​ឱ្យ​ជំនាញ​ជលផល​ សហការ​ជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ រហូត​ឈាន​ដល់​ឃ្លុំ​កំណាត់​ដី​បឹង​ខាងលើ​ទុក​ជា​សម្បត្តិ​រដ្ឋ​ ។ ​

លោក​ ជុំ​ នីម​ មេ​ឃុំ​ព្រែក​រំដេង​ បានឱ្យដឹងថា​ លោក​ ឌុំ​ភឿន​ អតីត​មេ​ភូមិ​ក្សេរចាស់​ បច្ចុប្បន្នជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ បាន​បំភ្លឺ​ថា​ ដី​ដែល​មាន​ការ​ឈូសឆាយ​នេះ​ កាល​ពី​ជំនាន់​ឆ្នាំ​១៩៧៩​ លោក​តា​ ឌិន​ គាត់​បាន​កាន់កាប់​អាស្រ័យ​ផល​​ ហើយ​នៅ​មុន​ពេល​ស្លាប់​គាត់​​បាន​ប្រគល់​ទៅ​​ឱ្យ​កូន​ឈ្មោះ​ ប៉ាង​ សុផល​​ និង​ប្រពន្ធ​ឈ្មោះ​ ឌុច​ ផល​ ជាអ្នក​អាស្រ័យ​ផល​បន្ត​ជា​រៀង​រហូត​ ។ ក្រោយ​មក​មាន​ការ​លេីក​ទំនប់​ខាង​ក្រោម​បឹង​ចារ​ ធ្វើ​ឱ្យ​ដី​គាត់​មាន​ការ​ចាល់​ទឹក​ ខកខាន​ពុំបាន​ធ្វើ​ស្រែ​អាស្រ័យ​ផល​ ៣ទៅ​៤ឆ្នាំ​ ទេីបគាត់​ សម្រេច​ចិត្ត​លក់​ទៅ​ឱ្យ​ឈ្មោះ​ ឌី​ វណ្ណា​ នៅ​ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ ដោយ​ការ​ទិញ​លក់​នេះ​គឺ​ទិញ​លក់​ ដោយ​ផ្ទាល់​មាត់​រវាង​អ្នក​លក់​ និង​អ្នក​ទិញ​ ។ ហើយ​ថ្មីៗ​នេះ​ ឈ្មោះ​ ឌី​ វណ្ណា​ ក៏បាន​ជួល​គ្រឿង​ចក្រ​យក​មក​កាយ​ដី​ ដេីម្បី​​ប្រមូល​ព្រៃ​យក​ទៅ​ដាក់​ស្រែ​ខាង​លើ​ទុក​ធ្វើ​ជី​ ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានញ្ចាក់ថា ក្រោយពីការចុះពិនិត្យ និងអង្កេតជាក់ស្ដែង ឃើញថាពិតជាមានការឈូសឆាយដីព្រៃ ប្រមាណ​ជា ១ហិកតា​មែន ។ លោកបន្តថា បើយោងតាមច្បាប់ជលផល យើងអាចធ្វើការពិនិន័យ និងដាក់ទោសទណ្ឌ ទៅលើជនដែលប្រព្រឹត្តល្មើស នាពេលកំពុងដាក់គ្រឿងចក្រឈូសឆាយនោះ​ ។

គួរបញ្ជាក់ថា​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ មានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមនានា ថាសមត្ថកិច្ច បានឃាត់ខ្លួនបុរសឈ្មោះ ឌុច ភាស់ រស់នៅភូមិព្រែករំដេង (គ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ​ ដោយ​បុរសនេះ បានចោទប្រកាន់លើអាជ្ញាធរពាក់ព័ន្ធនឹងការឈូសឆាយដីបឹងចារ នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។​ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការបញ្ជាក់ជូនសាធារណជន ជ្រាបថា​បច្ចុប្បន្ន​នេះ​ បុរសឈ្មោះ ឌុច ភាស់ មិនមានការឃាត់ខ្លួនបញ្ជូនមកតុលាការ ដូចការចោទប្រកាន់ផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមនានានោះឡើយ។ ពោល​គឺ​សមត្ថកិច្ច មិនបានធ្វើការចោទប្រកាន់បុរសឈ្មោះ ឌុច ភាស់ នោះទេ ដោយសារ​គាត់​បានទទួលស្គាល់កំហុស របស់ខ្លួន និងបានធ្វើការសុំទោសជាសាធារណរួចហើយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here