ចែសក់ក្រហមជាឈ្មួញឈើជើងខ្លាំងល្បីល្បាញម្នាក់ ប្រចាំស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបញ្ជាឲកូនចៅរបស់ខ្លួនបើករថយន្ដដេញបុករថយន្ដអ្នកសាព័ត៌មាននៅពេលចុះយកព័ត៌មានពាក់ព័ន្ធនិងរថយន្ដដឹកឈើរបស់ខ្លួន

0
103


មណ្ឌលគិរី ៖ ខ្លាំងពិតមែន ឈ្មួញឈើជើងខ្លាំងម្នាក់ប្រចាំស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានឈ្មោះថា ចែសក់ក្រហម បានធ្វើសកម្មភាពបើករថយន្តឆ្លាមពណ៌ខ្មៅ ដេញបំបុករថយន្តអ្នកសារព័ត៌មាន ទំនងដូចប៉ុនប៉ងសម្លាប់បំបិទភស្តុតាង ខណៈដែលអ្នកព័ត៌មានកំពុងតាមប្រមាញ់ផ្តិតយករូភាពរថយន្តសាំងយ៉ុងដឹកបទល្មើសព្រៃឈើខុសច្បាប់យកទៅលក់នៅព្រំដែនវៀតណាម បណ្តាលឲ្យខូចខាតរថយន្តផ្នែកខាងក្រោយ ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ ដល់អ្នកណាម្នាក់នោះឡើយឡើយ។

តាមសេចក្តីរាយការណ៍ឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងថា មានរថយន្តសាំងយ៉ុងដឹកឈើខុសច្បាប់ចេញពីស្រុកអូររាំងខេត្តមណ្ឌលគិរីតាមផ្លូវជាតិលេខ៧៦A កាត់ស្រុកកែវសីមា ឆ្ពោះទៅលក់នៅព្រំដែនវៀតណាម ទើបមានអ្នកសារព័ត៌មានម្នាក់ បានចេញរថយន្តរបស់ខ្លួនដើម្បីចាំឃ្លាំមើល និងចាំផ្តិតយករូបភាពរថយន្តដឹកបទល្មើសព្រៃឈើជាក់ស្តែងដើម្បីធ្វើការផ្សព្វផ្សាយ។

ក៏ប៉ុន្តែខណៈពេលនោះកំពុងតាមប្រម៉ាញ់ផ្តិតយករូបថតបទល្មើសព្រៃឈើជាក់ស្តែងលើដងផ្លូវជាតិលេខ៧៦Aដល់ត្រង់ចំណុចគីឡូម៉ែត្រលេខ៤០ក្នុងស្រុកកែវសីមា ក៏ត្រូវបានរថយន្តឆ្លាមពណ៌ខ្មៅរបស់ចែសក់ក្រហមដែលបើកបិទពីក្រោយរថយន្តសាំងយ៉ុងដឹកឈើ ដេញបុករថយន្តអ្នកព័ត៌មានពីក្រោយ និងមានការប៉ះទង្គិចគ្នា បណ្តាលឲ្យបែកស្តុបក្រោយ និងកាងក្រោយផងដែរ ប៉ុន្តែពុំបានបង្កគ្រោះថ្នាក់នោះឡើយ នេះបើតាមការឲ្យដឹងពីភ្នាក់ងារគេហទំព័រនគរមាសប្រចាំខេត្តមណ្ឌលគិរីឈ្មោះ ឡៃ រិទ្ធី ដែលជាអ្នករងគ្រោះក្នុងហេតុការណ៍នេះ។

ប្រភពពីពលរដ្ឋរស់នៅក្នុងស្រុកអូររាំងបានឲ្យដឹងថា ចែសក់ក្រហមជាឈ្មួញរកសុីឈើឆ្លងដែនខុសច្បាប់ជើងខ្លាំងប្រចាំស្រុកអូររាំង និងស្រុកកែវសីមា ដោយពុំមានសមត្ថកិច្ចជំនាញណាហ៊ានក្អកនិងធ្វើការបង្ក្រាបនោះឡើយនាពេលកន្លងមក ដោយសារចែសក់ក្រហមមានបងប្រុសខ្លួនជាមន្ត្រីអាវុធហត្ថដ៏មានអំណាចប្រចាំស្រុកអូររាំង។

ប្រភពខាងលើបន្តថា ចែសក់ក្រហមតែងប្រើប្រាស់អំណាច និងតួនាទីបងប្រុសខ្លួន គំរាមកំហែងលើសមត្ថកិច្ចជំនាញ ពាក់ព័ន្ធ ជាពិសេសអ្នកព័ត៌មានដើម្បីការពារនិងសម្រួលដល់របររកសុីដឹកឈើខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមរបស់ខ្លួន។

ជាក់ស្តែង កាលពីយប់ថ្ងៃទី២៣ ខែឧសភា ចែសក់ក្រហម បានបញ្ជាឲ្យមនុស្សរបស់ខ្លួនបើករថយន្តឆ្លាមពណ៌ខ្មៅគ្មានស្លាកលេខដេញបុករថយន្តអ្នកព័ត៌មានពីក្រោយ ទំនងដូចប៉ុនប៉ងសម្លាប់បំបិទភស្តុតាង ខណៈពេលអ្នកកាសែតឈ្មោះ ឡៃ រិទ្ធី កំពុងតាមប្រមាញ់យករូបភាពបទល្មើសដឹកឈើខុសច្បាប់លើផ្លូវជាតិលេខ៧៦A។

រថយន្តសាំងយ៉ុងដឹកបទល្មើសព្រៃឈើរបស់ចែសក់ក្រហមក៏បានដឹកឈើឆ្លងដែនយកទៅលក់នៅព្រំដែនវៀតណាមតាមប៉ុស្តិ៍នគរបាលច្រកព្រំដែនក្រញូងសែនជ័យ ទឹកដីខេត្តក្រចេះ បានដោយរលូនគ្មានការបង្ក្រាបពីសមត្ថកិច្ចជំនាញឡើយ បន្ទាប់ពីរថយន្តអ្នកព័ត៌មានរងការខូចខាត និងបំភិតបំភ័យដល់អាយុជីវិត។

មួយរយៈនេះចែសក់ក្រហម មេឈ្មួញឈើខុសច្បាប់ជើងខ្លាំង បានសម្រុកដឹកឈើចេញពីស្រុកអូររាំង និងស្រុកកែវសីមា យកទៅលក់នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗចាប់ពី៣ ទៅ៤រថយន្តសាំងយ៉ុង ឆ្លងដែនតាមប៉ុស្តិ៍នគរបាលវរការពារព្រំដែនក្រញូងសែនជ័យ ក្រោមការគ្រប់គ្រងរបស់លោក ទូច សីហា ជាពិសេសចេញតាមច្រកតូចៗដូចជា ងាំ០៦ ,០៧ , ៦២ និងច្រកងាំប៊ិនឌាំង។ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូររាំង និងស្រុកកែវសីមាលើកឡើងថា មិនថាមន្ត្រីជំនាញថ្នាក់ស្រុក ថ្នាក់ខេត្ត ក៏ដូចជាគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធម្មជាតិ ទំនងជាមិនហ៊ានចេញមុខបង្ក្រាបរបររកសុីឈើខុសច្បាប់ឆ្លងដែនរបស់ឈ្មួញជើងខ្លាំងឈ្មោះចែសក់ក្រហមនេះឡើយ ដោយសារមេឈ្មួញជើងខ្លាំងរូបនេះចេះទាំងអំពើកោងកាចគំរាមកំហែងអាយុជីវិត ចេះទាំងចែកចាយស្រោមសំបុត្រដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសគឺមានបងប្រុសខ្លួនជាមន្ត្រីអាវុធហត្ថដ៏មានអំណាចប្រចាំស្រុកអូររាំង ចាំជួយសម្របសម្រួលផងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here