អភិបាលខេត្តកំពង់ចាម ៖​ ធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេស​ ឱ្យ​មានការរីកចម្រើន

0
53


ដោយ លឹម សិលា
កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេស​ ឱ្យ​មានការរីកចម្រើនទៅមុខ ខណៈ​ដែល​ប្រទេស​ជាតិ​យើង​មានសុខសន្តិភាព​ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ប្រមាណ​ជាង៩០០នាក់​ ក្នុងក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៣​ ក្រោម​វត្តមាន​ឯកឧត្តម ហង្ស ច័ន្ទវិរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាជំនួយការសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលើក​ឡើង​ថា​ កត្តា​ដែល​នាំ​ឱ្យ​​វិស័យ​អប់រំ​នៅ​ខេត្ត​កំពង់ចាម​​ ​ទទួល​បាន​ជ័យលាភី​ ហើយ​សាលា​ខ្លះ​ក៏​​ក្លាយ​ទៅ​ជា​សាលា​គំរូ​ ​ក្នុង​នោះ​ការងារអប់រំកាយ និងកីឡា​ ទទួលបានមេដាយសរុបចំនួន ៩៦គ្រឿង​ ដោយ​ភាព​ជោគជ័យ​ទាំង​នេះ​ គឺ​អាស្រ័យ​លើ​​តួអង្គ​សំខាន់​ៗ​ ចំនួន​៣​ ​ដែល​មាន​ទី​មួយ​គឺ​ តួអង្គ​រាជរដ្ឋាភិបាល​ ក៏ដូចជា​អាជ្ញាធរ​ខេត្ត​ ដែល​បាន​ជំរុញ​គាំទ្រ​ដល់​វិស័យ​អប់រំ​​ ​ទីពីរ​គឺ​ តួអង្គ​គ្រូ​បង្រៀន​តែម្ដង​ដែល​បាន​ខិតខំ​បង្ហាត់​បង្រៀន​​ ​និង​ទីបី​គឺ​ តួអង្គ​អាណាព្យាបាល​របស់​សិស្ស​​ ដែល​បាន​ចួលរួម​ក្នុង​ការ​អប់រំ​ ដោយ​មាន​តួអង្គ​ទាំង​៣នេះ​ហើយ​ ទើប​យើង​​ទទួល​បាន​ភាព​រីកចម្រើន​យ៉ាង​ត្រចះត្រចង់​នោះ​ ។

ឯកឧត្ដមអភិបាលខេត្ត បាន​បញ្ជាក់​ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងនោះមាន វិស័យផ្លូវ ទឹក ភ្លើង និងមនុស្ស។ ប៉ុន្តែមកដល់បច្ចុប្បន្ន គឺវិស័យធនធានមនុស្សបានឈរមកលំដាប់អទិភាពទី១វិញ ពីព្រោះថាវិស័យធនធានមនុស្សនេះ ពិតជា​មានសារៈសំខាន់ណាស់ នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យ​មានការរីកចម្រើន ខណៈ​ដែល​ប្រទេសរបស់យើង មានសុខសន្តិភាពពេញបរិបូរណ៍​ ។

ជាមួយ​គ្នា​នោះ​ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម សូម​​បន្ត​រួមគ្នា​ការពារសុខសន្តិភាព ឱ្យ​បាន​នៅ​ស្ថិតស្ថេរគង់វង់​ជារៀង​ដរាប​តទៅ​ និង​សូម​អញ្ជើញ​ទៅ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ ២០២៣​ ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​ ។

បេីតាម​លោក​ លី​ ម៉េងសាន​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ខេត្តកំពង់ចាម មានគ្រឹះស្ថានសិក្សាសរុបចំនួន ៥៣៧កន្លែង ក្នុងនោះ មត្តេយ្យដាច់ដោយឡែកចំនួន ៦កន្លែង បឋមសិក្សា ៤០៧ អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង។ បុគ្គលិកសិក្សាសរុបចំនួន ៧.៩៤៧នាក់ សិស្ស ២២៣.០៣៧នាក់ ។ ដោយឡែកនៅក្នុងក្រុងកំពង់ចាម មាន​សាលាចំនួន ១៨(វិទ្យាល័យ៦ អនុវិទ្យាល័យ២/១ឥស្លាម បឋម១១) បុគ្គលិកអប់រំសរុប ៩១៥នាក់ សាកលវិទ្យាល័យ​ ៧ និងសាលាបណ្តុះបណ្តាលគ្រូចំនួន ២កន្លែង ដែលមានគ្រូចំនួន ១០១នាក់ ។​ ចំពោះ​ការងារអប់រំកាយ និងកីឡា ឆ្នាំ២០២២ ទទួលបានមេដាយសរុបចំនួន ៩៦គ្រឿង(មាសចំនួន ២៦គ្រឿង, ប្រាក់ចំនួន ២៨គ្រឿង សំរឹទ្ឋចំនួន ៤២គ្រឿង) ក្នុងនោះការប្រកួតកីឡាជាតិលើកទី៣ ទទួលមេដាយសរុបចំនួន ៤៣គ្រឿង(មាស ១២គ្រឿង​ ប្រាក់ ៩គ្រឿង សំរឹទ្ឋ២២គ្រឿង) ដែល​ទទួបានចំណាត់ថ្នាក់លេខ៧ទូទាំងប្រទេស​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here