ប្រកាសតែងតាំងលោក សៅ វណ្ណា ជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តស្វាយរៀង ជំនួសលោក សឹង សុខុម ដែលត្រូវចូលនិវត្ត

0
53


ដោយ:ថត ភារៈ
ស្វាយរៀង ៖ ឯកឧត្តម ឈួរ រស្មីឫទ្ធិ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរថ្មីខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងថា ក្នុងនាមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងសូមសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តមរដ្ឋលេខាធិការ តំណាងសម្ដេចកិត្តិសង្គហបណ្ឌិត ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹកអញ្ជើញជាប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរថ្មីខេត្តស្វាយរៀងនាពេលនេះ ដែលពិតជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ លើកទឹកចិត្ត និងសហការគាំទ្រដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទីស្នូល និងភារកិច្ចរណបផ្សេងៗទៀត។

ឯកឧត្តមសូមស្នើដល់លោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មី ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តដូចខាងក្រោម៖ 

*ទី១៖ ត្រូវបន្តយកចិត្តទុកដាក់បង្កើនកិច្ចសហការ និងទំនាក់ទំនងល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងក្របខ័ណ្ឌនៃការកែទម្រង់ច្បាប់ ការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ។

*ទី២៖ សូមបន្តជំរុញការអនុវត្តផែនការចុះផ្សព្វផ្សាយអប់រំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តគោលសំខាន់ៗដែលពាក់ព័ន្ធនឹងការប្រតិបត្តិប្រចាំថ្ងៃ ផ្សារភ្ជាប់ចម្បងជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាបទដ្ឋានថ្មីៗ ដែលរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នបានដាក់ចេញ ឲ្យបានកាន់តែសកម្ម និងទូលំទូលាយថែមទៀត។

*ទី៣៖ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងកិច្ចការបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រីរាជការក្នុងវិជ្ជាជីវៈ ជាពិសេសផ្នែកច្បាប់ យន្តការ និងវិធីសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងការសម្របសម្រួលដោះស្រាយវិវាទ និងការងារអធិការកិច្ចជាដើម ដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការការងារថ្មីៗ សំដៅធានានិរន្តរ៍ភាពការងាររបស់អង្គភាពឲ្យប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ។

ឯកឧត្តម ឈួរ រស្មីឫទ្ធិ បានថ្លែងណែនាំប្រធានមន្ទីរថ្មី ត្រូវអនុវត្ត​ការងារឲ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនក៏ដូចជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញបេសកម្មការងារ ជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងបំរើ​ប្រ​ជា​ជន​ដោយ​ស្មោះត្រង់ ទទួល​ភារកិច្ច ដឹកនាំ គ្រប់គ្រង សម្រប​សម្រួល លើ​គ្រប់​វិស័យ ស្របតាមបេសកកម្ម​ចំបង​​​របស់​ក្រសួង។

បន្ថែមលើសពីនេះ ត្រូវសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បន្តខិតខំប្រឹងប្រែងរៀនសូត្រ ដកស្រង់បទពិសោធន៍ល្អៗ បូកផ្សំជាមួយបទពិសោធន៍ ដែលធ្លាប់អនុវត្តក្នុងរយៈពេលកន្លងមក រួមទាំងចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗ ដើម្បីបន្ត និងជំរុញការអនុវត្តការងារ ឲ្យរឹតតែប្រសើរឡើងថែមទៀត ប្រយោជន៍បម្រើ និងផ្តល់សេវាសាធារណៈ ជូនពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ។

សូមជម្រាបជូនថា យោងប្រកាសលេខ០៤៦/២៣ ទ រ ព អ ប្រ.ក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ត្រូវបានតែងតាំងលោក សៅ វណ្ណា ឋានន្តរស័ក្កិ វរៈមន្ត្រី ថ្នាក់លេខ១ ជាប្រធានមន្ទីរទំនាក់ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្វាយរៀង ជំនួសលោក សឹង សុខុម ដែលត្រូវដល់អាយុចូលនិវត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here