ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖​ ប្រសិនបើ ៥០០ឆ្នាំ យើងមិនមានសង្គ្រាមបែកបាក់ គឺយើងច្បាស់ជាបានទទួលការរីកចម្រើនជឿនលឿនច្រើនជាងនេះ

0
60


កំពង់ចាម​:​ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​​ បានថ្លែងថា​ ប្រសិនបើ ៥០០ឆ្នាំ យើងមិនមានសង្គ្រាមបែកបាក់ គឺយើងច្បាស់ជាបានទទួលការរីកចម្រើនជឿនលឿនច្រើនជាងនេះ។ ដូច្នេះ សម្រាប់ពេលបច្ចុប្បន្ន និងតទៅអនាគត គឺយើងមានតែរួមគ្នាបន្តកសាងសមិទ្ធផលបន្ថែម និងការពារអ្វីដែលមានក្នុងដៃឱ្យបានគង់វង្ស និងកុំឱ្យធ្លាក់ចូលសារជាថ្មីទៅក្នុងអន្លង់នៃសង្រ្គាមព្រាត់ប្រាស់ទោះក្នុងតម្លៃណាក៏ដោយ “ការពារសន្តិភាពបាន គឺការពារអាយុជីវិត ការពារឱកាស និងការពារសិទ្ធិសេរីភាពគ្រប់បែបយ៉ាង រួមទាំងជំនឿសាសនា”។​ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសែនមនោរម្យ (ហៅវត្តចាស់​)​ ស្ថិតនៅ​ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​២២ ឧសភា ២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានថ្លែងថា​ គុណតម្លៃនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំកម្ពុជាឱ្យស្គាល់សុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ក្រោមរាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងជាតិតែមួយ និយាយរួមគឺខ្មែរតែមួយ។ ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ គឺស្មើនឹងការសម្រេចបាននូវអនាគត និងជោគវាសនាដ៏ត្រចះត្រចង់សម្រាប់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាសម្រាប់កូនចៅជំនាន់ក្រោយៗផងដែរ។ ទាំងអស់នេះ គឺអាស្រ័យដោយមូលហេតុពីរយ៉ាង៖ ទី១. ប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានជំនឿ និងទំនុកចិត្តលើ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ដែលបាននាំទៅដល់ការរួមគ្នាបញ្ចប់សង្គ្រាម, បញ្ចប់គំនុំ និងបញ្ចប់ការបែកបាក់ ហើយអាចរស់នៅជាមួយគ្នាក្នុងនាមជាខ្មែរតែមួយ, ទី២. ប្រជាជនច្រើនលើសលប់ គឺបានបន្តមានទំនុកចិត្ត និងលំនឹងផ្លូវចិត្ត ក្នុងសម្រេចផ្ទុកផ្តាក់ផ្ញើជោគវាសនាអនាគតរបស់ខ្លួននៅក្រោមការដឹកនាំរបស់ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាជាប់រហូតមក។

ជាមួយគ្នានោះ​ ឯកឧត្ដម​ បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បាន​សង្កត់​ធ្ងន់ថា​ មូលហេតុដែលគណបក្សប្រជាជនកម្ពុជា មានយន្តការក្រុមការងារចុះមូលដ្ឋាន និងក្រុមការងារគណបក្សចុះមកច្រើនបន្ថែមនៅតាមមូលដ្ឋាន គឺដើម្បីរួមកម្លាំងសរុបសម្រាប់ពិនិត្យដោះស្រាយបញ្ហាប្រឈមនានា និងជួយប្រជាពលរដ្ឋតាមគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាធានាដល់តម្រូវការ និងផលប្រយោជន៍របស់ប្រជាជនពិតជាក់ស្តែងនៅមូលដ្ឋាន ពីព្រោះគោលដៅ និងទិសដៅដ៏ជាក់លាក់មួយរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជនកម្ពុជា និងធ្វើឱ្យប្រជាជនកម្ពុជាមានបាន។ ដូច្នេះ បេសកកម្មដ៏ចម្បងរបស់គណបក្សប្រជាជនកម្ពុជា គឺការបន្តរក្សាលំនឹងចិត្តរបស់ប្រជាជន, បម្រើប្រជាជន និងផ្តល់ជំនឿចិត្តដល់ប្រជាជនចំពោះឆន្ទៈឥតងាករេរបស់គណបក្ស ក្នុងការបន្តកសាងសមិទ្ធផលធំៗបន្ថែមទៀតជូនជាតិ និងប្រជាជន​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here