ឯកឧត្តម ហ៊ុន ម៉ានិត​ ៖​ ពេល​ប្រទេស​យើង​រីកចម្រើន​ ប្រជាពលរដ្ឋ​យើង​នឹង​ទទួល​​ផល​ ដោយជីវភាព​កាន់តែ​ប្រសើរ​ឡើង​

0
78


កំពង់ចាម​ ៖​​ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ពេល​ប្រទេស​យើង​រីកចម្រើន​ ប្រជាពលរដ្ឋ​យើង​នឹង​ទទួល​ផល​​ ដោយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង​កាន់តែ​ប្រសើរ​ឡើង​​ ការ​វិនិយោគ​ក៏​​នឹង​កេីតមានឡេីង​ ហើយ​ប្រាក់​ខែ​របស់​យើង​​ក៏​កេីនឡេីង​ទៅ​តាម​នោះ​ដែរ​ ពោលគឺ​ស្ថេរភាព​ក្នុង​ប្រទេស​ក៏​ល្អ​ប្រសើរ​ដែរ​ ដូច្នេះ​ហើយ​ទើប​យើង​ត្រូវ​មើល​ឱ្យ​បាន​ច្បាស់​ តេី​ការ​រីកចម្រើន​មកដល់​សព្វថ្ងៃ​នេះ​​ដោយ​សារ​អ្នក​ណា​? គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ លោក​បាន​គិតគូរ​អ្វី​ៗ​ទាំង​អស់​ ដើម្បី​ជាតិ​ និង​ដេីម្បី​ប្រជាជន​ផងដែរ​ ។ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ​ និយោជិត ប្រមាណ​ជាង​៦០០០នាក់​ នៅក្រុមហ៊ុនខាលីងតុន​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០២៣​ ។

នាឱកាសនោះដែរ​​ ឯកឧត្តម ហ៊ុន ម៉ានិត​ បាន​សង្កត់​ធ្ងន់ថា​ រាជរដ្ឋាភិបាល​បាន​ខិតខំ​គៀងគរ​អ្នក​វិនិយោគិន​ ចូល​មក​បេីក​រោងចក្រ​ នៅ​កម្ពុជា​ ហើយ​ក៏​បាន​អំពាវនាវ​សូម​ឱ្យ​ បរទេស​​ ជួយ​ទិញ​ផលិតផល​ និង​កសិផល​របស់​យើង​ផងដែរ​​ ដែល​ផ្ទុយ​ពី​ក្រុម​ជ្រុល​និយម​មួយ​ក្តាប់​តូច​​ តែងតែ​រត់​ទៅ​រក​បរទេស​​ ដេីម្បី​សុំផ្តាច់​ជំនួយ​ហេដ្ឋារចនាសម្ព័ន្ធ​ សុំ​កុំ​ឱ្យ​មាន​ការ​វិនិយោគទុន​ និង​សុំកុំ​ឱ្យ​មាន​ការ​ទិញ​ផលិតផល​ កសិផល​របស់​កម្ពុជា​យេីង​​ ផងដែរ​ ។

ជាមួយគ្នានោះ​ ឯកឧត្តម​ លន់​ លឹមថៃ​ អ្នក​តំណាង​រាស្ត្រ​មណ្ឌូល​ខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ខិតខំ​គៀងគរ​នូវ​អ្នក​វិនិយោគិន​ជាច្រើន​ ដើម្បី​បង្កើត​រោងចក្រ​សហគ្រាស​យ៉ាង​ច្រើន​នៅ​​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​​​កម្ពុជា​យើង​ ក៏​ដូចជា​នៅ​ក្នុង​ខេត្តកំពង់ចាម​ បង្កើត​ឱកាស​ឱ្យ​កម្មករ​ កម្មការិនី​ យើង​មាន​ការ​ងារ​ធ្វើ​ មាន​ចំណូល​ប្រចាំ​ថ្ងៃ​ នោះ​គឺ​ជា​សមិទ្ធផល​ដែល​សម្តេច​តេជោ​សែន​ បាន​ខិតខំ​នាពេលកន្លងមក​ ។ អ្នក​តំណាង​រាស្ត្រ​មណ្ឌូល​ខេត្តកំពង់ចាម​ ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ​ម្ចាស់​រោងចក្រ​ អ្នក​វិនិយោគិន​ ដែល​បាន​សម្រេចចិត្ត​យ៉ាង​ត្រឹមត្រូវ​ ក្នុង​ការ​ដាក់​រោងចក្រ​ ក្នុង​ការ​បង្កើត​រោងចក្រ​ នៅ​ក្នុង​ខេត្តកំពង់ចាម​ ដេីម្បី​រួម​ចំណែក​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​ កាត់​បន្ថយ​ការ​ចំណាក​ស្រុក​ និង​បង្កើត​ឱកាស​ការងារ​ មាន​ចំណូល​ប្រចាំ​ថ្ងៃ​ផង​ដែរ​ ។

ឯកឧត្តម​ លន់​ លឹមថៃ​ បាន​សង្កត់​ធ្ងន់ថា​ រោងចក្រ​នៅ​គ្រប់​ទីកន្លែង​ គឺ​បាន​មក​ពី​រាជរដ្ឋាភិបាល​កម្ពុជា​យើង​ ដោយ​សារ​សម្តេច​តេជោ​សែន​ លោក​បាន​ខិតខំ​ខ្លាំងណាស់​ ទោះបី​លោក​ចេញ​ទៅ​ក្រៅ​ប្រទេស​ ឬ​នៅ​ក្នុង​ប្រទេស​ លោក​បាន​ជួបជុំ​គៀងគរ​​ ដល់​អ្នក​វិនិយោគិន​ ដេីម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​មក​ដាក់​ទុន​បង្កើត​រោងចក្រ​ ដេីម្បី​ផ្តល់​ការងារ​ឱ្យ​​បងប្អូន​យេីង​ធ្វើ​នៅ​នឹង​កន្លែង​ កាន់​បន្ថយ​ការ​ចំណាក​ស្រុក​ ហើយ​ផលប្រយោជន៍​សេដ្ឋកិច្ច​ ក៏ដូចជា​ផលប្រយោជន៍​គ្រួសារ​ គឺ​បាន​ដល់​ដៃ​បងប្អូន​ប្រជាពលរដ្ឋ​ ។ ហើយ​ឯកឧត្ដម​តំណាង​រាស្ត្រ​ ក៏​បាន​អំពាវនាវ​សូម​ឱ្យ​​​រួមគ្នា​បន្ត​ការពារ​សុខសន្តិភាព​ ដោយកុំ​ចាញ់​ឧបាយកល​នៃការ​ញុះញង់​របស់​ក្រុម​ជ្រុល​និយម​ និង​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here