​កាកបាទក្រហមខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣​ ទទួលថវិកាសប្បុរសធម៌ ជាង​៤៤ម៉ឺន​ដុល្លារ​

0
64

ដោយ លឹម សិលា
កំពង់ចាម​:​ សាខាកាកបាទក្រហម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធី អបអរសាទរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ទទួលថវិកាសប្បុរសធម៌ សរុប​ប្រមាណ​ជាង​ ​៤៤ម៉ឺន​ដុល្លារ​អាមេរិក​ ខណៈ​ការងារ​ទទួលថវិកាពីសប្បុរសជន​នៅ​តែ​បន្ត​ជារៀងរាល់ថ្ងៃ​ ដើម្បីទុកសម្រាប់ប្រើប្រាស់លើ ផ្នែកមនុស្សធម៌ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ផងដែរ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានថ្លែងថា ឆ្នាំ២០២២ កន្លងទៅ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា សាខា អនុសាខា បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងភាពម្ចាស់ការលើការផ្តល់សេវាកម្ម មនុស្សធម៌ ផ្ដោតលើវិស័យអាទិភាពទាំង ៤ ដោយបានឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះ សម្រេច បានលទ្ធផល គួរអោយកត់សំគាល់ មានដូចជា ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ សាខា បានធ្វើការឆ្លើយតបផ្តល់អំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះ ដោយមហន្តរាយ អគ្គីភ័យ ខ្យល់កន្ត្រាក់ រន្ទះបាញ់ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍ បានចំនួន ១២៧គ្រួសារ ។ ឯកឧត្តម បានបន្តថា ពិធីទទួលថវិកាសប្បុរសធម៌ អបអរសាទរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ នេះ ក្នុងគោលដៅចលនាកៀងគរ ការចូលរួមគាំទ្រ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងស្មារតី វប្បធម៌ចែករំលែក ជាមូលដ្ឋានសម្រាប់សាខា បន្តនិរន្តរភាព ក្នុងការបំពេញបេសកកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ។

នាឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តកំពង់ចាម​ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលស្នាដៃ និងការខិតខំប្រឹងប្រែងប្រកបដោយភាពបុរសកម្ម របស់គណៈកម្មាធិការសាខា អាណត្តិទី៥ ។ ឯកឧត្តម ប៉ាន សូរស័ក្តិបានថ្លែងអំណរព្រះគុណ និងសូមអរគុណជាអនេកកប្បការ ចំពោះ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក​ លោកស្រី នាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលតែងតែបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ទោះបីជាយើងពុំបានធ្វើការប្រារព្ធពិធីអបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដោយសារស្ថានភាព នៃជំងឺកូវីដ-១៩ ក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here