អភិបាលខេត្តកំពង់ចាម​៖​ ក្រៅពី​ការងារ​​បម្រើ​សេវា​សាធារណៈ​ យើង​ត្រូវ​គិតគូរ​អំពី​សុខភាព​ជូន​ពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ​

0
77


ដោយ លឹម សិលា
កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ ក្រៅ​ពី​ការងារ​​បម្រើ​សេវា​សាធារណៈ​ យើង​ត្រូវ​គិតគូរ​អំពី​សុខភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​​ឱ្យ​បាន​ល្អ​ប្រសើរ​ ដេីម្បី​លេីក​ស្ទួយ​ដល់​កម្រិត​ជីវភាព​រស់នៅ​ ក៏ដូចជា​​​កាត់​បន្ថយ​ការ​​ចំណាយ​ទៅលើ​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ ឬ​ឃ្លីនីច​​​ឯកជន​ផងដែរ​ ។ ការថ្លែង​បែបនេះ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ចុះពិនិត្យ​ ​ព្យាបាល​ជំងឺ​​ដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ និង​ព្រះ​មន្រ្តី​សង្ឃ​ នៅសាលា​បឋមសិក្សា​បឹង​បាសាក់​ ស្ថិត​ក្នុង​សង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​១៧​ ខែឧសភា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​អំណរគុណចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សាខា​សមាគម​សិស្ស​ និស្សិត​ ​បញ្ញវន្ត​ក្មេង​វត្ត​ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ដែល​សុទ្ធសឹងតែ​ជា​អ្នក​មាន​ជំនាញ​បទពិសោធន៍​ច្បាស់លាស់​ ទទួល​ការ​បណ្តុះបណ្តាល​ ឬ​ការ​សិក្សា​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ​ហើយ​លះបង់​ពេល​វេលា​ ចុះ​ជួយ​ពិនិត្យ​ ​និង​ព្យាបាល​ជម្ងឺ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដោយ​មិន​គិត​ពី​ការ​នឿយហត់ និង​មិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ​អ្វី​ឡើយ។ ជា​មួយ​គ្នា​នោះ​ឯកឧត្តម​អភិបាលខេត្ត​ បានលេីក​ឡើង​ផង​ដែរ​ថា​ ការចុះពិនិត្យ និងព្យាបាល​ជម្ងឺ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដល់​មូលដ្ឋាន​ផ្ទាល់​​នាឱកាសនេះ គឺ​ដើម្បីចូល​រួមចំណែក​​ទ្រទ្រង់​ដល់​ជីវភាព​ក្នុង​គ្រួសារ​ពុកម៉ែ​ បងប្អូន​ ដោយ​មិន​ត្រូវ​ចំណាយ​ពេល​វេលា​ និង​ថវិកា​ទៅ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ ឬ​ឃ្លីនិច​ឯកជន​ឡេីយ​ ។

ឯកឧត្ដម​អភិបាលខេត្ត​ បាន​បន្ត​ថា​ សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយេីង​ មានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក្នុងការដឹកនាំប្រទេសជាតិ​ ឱ្យ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​ ឥតឈប់ឈរ​ តាម​រយៈ​ការផ្សះផ្សាជាតិ​ បង្រួបបង្រួមជាតិ​ ដូច្នេះ​សូម​ឱ្យ​លោកយាយ​ លោកតា​ ​បងប្អូន​ប្រជាពលរដ្ឋ​ រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ​ ឱ្យ​បាន​គង់វង្ស​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ ជាពិសេស​ការ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​បងប្អូន​​ប្រជាពលរដ្ឋ​ផងដែរ​​ ។

ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ បានឱ្យដឹងថា​ ការពិនិត្យ​ ​និង​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ និង​ព្រះ​មន្រ្តី​សង្ឃ​ នៅវត្តបុទុមរតន:ដីដុះ​ នេះ​ គឺ​ក្រុម​គ្រូពេទ្យស្ម័គ្រចិត្តសាខា សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត មានចំនួន ២៩នាក់ ក្នុងនេះ ផ្នែកពិនិត្យជំងឺទូទៅចំនួន១៨នាក់ ផ្នែកពិនិត្យ​ និងដកធ្មេញ ៨នាក់ ក្រោមការដឹកនាំរបស់លោកទន្តបណ្ឌិត ប៉ែន ម៉ារឌី​ នាយកសាលា មធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងផ្នែកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩​ ចំនួន៣នាក់ បន្ថែមដោយក្រុមសម្របសម្រួល ការងាររបស់សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម​ ចំនួន ៧នាក់ទៀត។​ ចំពោះពេលវេលានៃការពិនិត្យ ពិគ្រោះជំងឺ​ គឺចាប់ពីម៉ោង ៨.៣០ នាទី​ព្រឹក​ រហូតដល់ម៉ោង ២រសៀល​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here