ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមបុណ្យសពកម្មករ​ ចំនួន​៥នាក់​ ដែលរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរ

0
73

 

          
កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការី នារសៀលថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ​ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសពពលរដ្ឋស៊ីឈ្នួលដាំដំឡូង ៥នាក់ ដល់លំនៅដ្ឋាន ស្ថិត​ក្នុងភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ដែលបានរងគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងគោយន្តកន្ត្រៃ បណ្តាល​ឱ្យ​ស្លាប់បាត់បង់ជីវិតចំនួន ៥នាក់​ ចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម​ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពកម្មករទាំង ៥នាក់ ចំពោះការបាត់បង់ ប្តី ឪពុក ម្តាយ បងស្រី ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលមិននឹកស្មានដល់នេះ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ  ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ  ជនរងគ្រោះដោយមហន្តរាយផ្សេង ៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយសម្រាលការលំបាក ជួយរំលែកមរណទុក្ខ ទាន់ពេលវេលា  ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក   ទីនោះ មានកាកបាទក្រហមកម្ពុជា”។

 ជាមួយនេះ  ឯកឧត្តម ប្រធានគណ:កម្មាធិការសាខា ក៏​បានលើកទឹកចិត្តដល់ក្រុមគ្រួសារសពទាំង ៥ អោយខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារ ។ ចំពោះ បងប្អូន រងរបួស ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំ​ឱ្យ​មន្ទីរពេទ្យយកចិត្តទុកដាក់ព្យាបាលដោយសាខាទទួលបន្ទុកបង់​ថ្លៃសេវា និង​ចាត់​ឱ្យ​លោក នាយកសាខា ចុះសួរសុខទុក្ខ បន្ថែមទៀត ។

ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់អំណោយរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះទាំង ៥នាក់ ដោយក្នុង ១គ្រួសារសព ទទួលបានអង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស ត្រីខ ២០កំប៉ុង ,  មី ២កេស និងថវិកា ចំនួន ១,០០០,០០០ រៀល។​ ដោយឡែក អនុសាខាស្រុកស្ទឹងត្រង់ ក៏បានឧបត្ថម្ភជូន ក្នុង ១គ្រួសារសព នូវ អង្ករ ២៥គក្រ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា មួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ ពេលពលរដ្ឋស៊ីឈ្នួល ៨នាក់ ( ប្រុស ម្នាក់) ជិះលើគោយន្ត វិលត្រឡប់មកពីដាំដំឡូង ដល់ពាក់កណ្តាលផ្លូវ ចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម​ ចៃដន្យមានរថយន្ត ១គ្រឿង បើកច្រាស់ទិស ជែងជាមួយរថយន្តដឹកមាន់ ហើយក៏រេចង្កូតជ្រុលទៅបុកទាំងកម្រោលលើគោយន្តដែលឈប់ស្ងៀម រុញទម្លាក់ប្រឡាយ បណ្តាល​ឱ្យ​ជនរងគ្រោះ​ស្លាប់ភ្លាមៗ នៅនឹងកន្លែង ៤នាក់ (២នាក់ជាម្តាយចាស់ និងកូនស្រី – ១នាក់ជា​ស្ត្រី​វ័យ​ចំណាស់ – ១នាក់ជាអ្នកបើកគោយន្ត ម្ចាស់ចំការ ) និងរងរបួស ៤នាក់ ហើយបានស្លាប់ថែម ១នាក់ទៀត ពេលបញ្ជូនដល់មន្ទីរពេទ្យ៕
       

LEAVE A REPLY

Please enter your comment!
Please enter your name here