ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រកាស​បញ្ចូល​សមាជិក​គណបក្សប្រជាជន​កម្ពុជា​ ចំនួន​ ១៤២៣នាក់ ដែល​ជា​យុវជន​គ្រប់​អាយុ​បោះឆ្នោត​ នៅ​ក្រុងកំពង់ចាម​

0
69


ដោយ លឹម សិលា
កំពង់ចាម​:​ ក្នុង​ពិធីប្រកាស​បញ្ចូលសមាជិកថ្មីចំនួន ១៤២៣នាក់ មកពីសង្កាត់​បឹងកុក​ និង​សង្កត់​សំបួរមាស​ ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម បានណែនាំដល់ប្រធានគណបក្សសង្កាត់ទាំងពីរ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ និង​ជួបបញ្ហាផ្សេងៗ ជា​ពិសេសគឺ​ត្រូវ​ផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ពួកគាត់​ផងដែរ​ ។

ក្នុងឱកាសស្វាគមន៍សមាជិកថ្មី ដែលបានសម្រេចដ៏ត្រឹមត្រូវ​មក​ចូល​រួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែង​ថា​ ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដល់សមាជិកបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះថា​ ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់​ដូច​គ្នា​ ។

ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តថា គណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយ​ អំពីគោលនយោបាយគណបក្ស ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ​ ។

ជាមួយគ្នានោះ​ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹង​ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ​ ។

គួរ​បញ្ជាក់​ថា​ សមាជិក​ថ្មី​ ចំនួន​ ១៤២៣នាក់​ ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​ ក្រុង​កំពង់ចាម​ ក្នុង​នោះ​សមាជិក​មកពីសង្កាត់​បឹងកុក​ ចំនួន​ ៧១២នាក់ និង សង្កាត់​សំបួរមាស​ ចំនួន​ ៧១១នាក់​ ដែល​ជា​យុវជន​គ្រប់​អាយុ​បោះឆ្នោត​ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here