អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ក្រៅពីការកសាង​នូវ​ហេដ្ឋារចនាសម្ពន្ធ័​ យេីងបានគិតគូរចំពោះសុខភាពពលរដ្ឋ​ ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​

0
62


ដោយ លឹម សិលា
កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា ក្រៅ​ពី​ការ​អភិវឌ្ឍន៍​​​កសាងនូវ​ហេដ្ឋារចនាសម្ពន្ធ័​ អាជ្ញាធរ​យើង​បាន​យកចិត្តទុកដាក់​គិតគូរចំពោះ​សុខភាព​របស់​​បងប្អូនប្រជាពលរដ្ឋ​តាម​រយៈ​ការ​ចុះពិនិត្យ​ ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃដល់​មូលដ្ឋាន​​​ ដើម្បីលើកកម្ពស់ជីវភាព​រស់នៅ​ឲ្យកាន់តែប្រសើរឡើង​បន្ថែមទៀត​ ពោលគឺ​គិតគូរ​ទាំង​សុខភាព​ផ្លូវ​កាយ​ និង​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ​ ។ ការថ្លែង​បែបនេះ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ចុះពិនិត្យ​ ​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ និង​ព្រះ​មន្រ្តី​សង្ឃ​ នៅ​វត្ត​ជោតនារាមបឹងកុក ស្ថិត​ក្នុង​សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​សាខា​សមាគម​សិស្ស​ និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ខេត្តកំពង់ចាម​ សរុប​ចំនួន​២៨នាក់​ ​ដោយ​មាន​ការ​គាំទ្រ​ពី​ឯកឧត្តម​ ហ៊ុន​ ម៉ានិត​​ បាន​ចុះ​ពិនិត្យ​ ព្យាបាល​ជម្ងឺ​​ដោយ​ឥតគិតថ្លៃជូន​ប្រជាពលរដ្ឋ​​ ដេីម្បី​ជាការ​ចូលរួម​កាត់បន្ថយ​ការ​ចំណាយ​របស់​បងប្អូន​ នៅ​ពេល​ដែល​មាន​ជម្ងឺ​ឈឺថ្កាត់​ ដោយមិន​ចាំបាច់​ចំណាយ​ពេលវេលា​ និង​ថវិកា​​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ និង​ឃ្លីនីច​​​ឯកជន​ ពោលគឺការ​ពិនិត្យ​ព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ​អ្វី​ឡេីយ​ ​។

ឯកឧត្ដម​អភិបាលខេត្ត​ បាន​បន្ត​ថា​ សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយេីង​ មានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក្នុងការដឹកនាំប្រទេសជាតិ​ ឲ្យមានការ​អភិវឌ្ឍន៍​រីកចំរើន​ ឥតឈប់ឈរ​ តាម​រយៈ​ការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ​ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោឲ្យបានគង់វង្ស​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ ជាពិសេស​ការ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ។

ជាមួយគ្នា​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ក៏បាន​លេីកឡេីង​ថា​ យេីង​បាន​ជម្រុញ​ការ​ស្ថាបនា​ផ្លូវ​ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ភ្លៀង​ជាច្រើន​ខ្សែ​ក្នុង​សង្កាត់​បឹងកុក​ ក្នុង​នោះ​មាន​ការ​ស្ថាបនា​ផ្លូវ​បេតុង​អាមេ​ និង​ប្រព័ន្ធ​លូ​ ​នៅ​ភូមិ​បឹងកុក​២​ ព្រមទាំង​​ការ​ស្ថាបនា​ផ្លូវ​បេតុង​អាមេ​ជាច្រើន​កំណាត់​នៅ​ភូមិ​ថ្មគោល​ និង​ភូមិ​ឡឥដ្ឋ​ ​ជាពិសេស​គឺ​ ផ្លូវ​ចូល​វត្ត​បឹងកុក​ ដែល​កំពុង​ស្ថាបនា​ផងដែរ​​ ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here