អភិបាលខេត្តកំពង់ចាម​ ៖​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ គឺរក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម

0
53


កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានកណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត បានថ្លែងថា​ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺរក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយបញ្ចៀសបាននូវអំពើភេរវកម្ម រក្សាបាននូវ សន្តិសុខផ្ទៃក្នុង គ្មានជម្លោះប្រដាប់អាវុធ ជាពិសេសការធានាបានសន្តិសុខ សុវត្ថិភាពទាំងស្រុង សម្រាប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗ ដែលរៀបចំឡើងនៅកម្ពុជា ។ ការ​ថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត (គ.ស.អ.ខ) នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ។​

ក្នុង​ឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹក​ដល់​ប្រតិបត្តិករថា ទាំងសកម្មភាពការងារ ទាំងអាកប្បកិរិយាបំពេញភារកិច្ច និងការប្រតិបត្តិក្រមសីលធម៌ ត្រូវឲ្យស្របតាមច្បាប់ ស្ដីពីការបោះឆ្នោត បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត នាពេលខាងមុខ ។ ក្នុង​នោះ​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទទួលខុសត្រូវដឹកនាំ ដោយផ្ទាល់ ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្ត្ររបស់ខ្លួន និងធានាឲ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុខ សម្រាប់ការបោះឆ្នោត ពិសេស ធានាឲ្យកិច្ច ដំណើរ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ ឲ្យប្រព្រឹត្តទៅ ដោយរលូន ប្រកបដោយភាពស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងតម្លាភាព។
ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស ភ្នាក់សន្តិសុខបោះឆ្នោតទាំងអស់ ត្រូវមានអព្យាក្រឹត្យភាព និងគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការបោះឆ្នោតបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដោយត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាសន្តិសុខ ដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្ស នយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។

ជាមួយ​គ្នា​នោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បានអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ សូមចូលរួមចំណែក ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស សន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោត ដើម្បី ធ្វើឲ្យកិច្ចដំណើរការ នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគម្រាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here