លោកស្រី​ ប៉ាង ដានី អញ្ជើញទទួលកូនភ្លោះ ០២នាក់ ដែលត្រូវបានឪពុកម្តាយបោះបង់ចោល ហើយកំពុងថែទាំ នៅមន្ទីរពេទ្យខេត្តកំពង់ចាម

0
73


 
កំពង់ចាម​:​ លោកស្រី​ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញទទួលកូនភ្លោះពីរនាក់ ដែលត្រូវបានឪពុកម្តាយបោះបង់ចោល នៅតាមមាត់ផ្លូវ នៅភូមិស្ដើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ដែលកំពុងថែទាំ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
តាមការបញ្ជាក់ របស់ លោក ទូច វឌ្ឍនា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិតសម្បទា ខេត្តកំពង់ចាម ឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ លឹម សុខហ៊ុយ ភេទប្រុស សញ្ជាតិ ខ្មែរ រស់នៅភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរើសទារកភ្លោះ ០២នាក់(ប្រុស) ដែលត្រូវបានឪពុកម្តាយ បោះបង់ចោល នៅតាមផ្លូវក្បែរវត្តជយរាម(ហៅវត្តស្តើងជ័យ) ស្ថិតក្នុងភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយបានយកទារកភ្លោះនោះ មកមើលថែទាំ នៅឯផ្ទះរបស់​ខ្លួន​ ។ លោក​បន្តថា នៅថ្ងៃទី២៧ ខែមីនា កន្លងទៅ លោកស្រី​ អនហេង លក្ខិណា បានអញ្ជើញចុះសួរសុខទុក្ខទារកភ្លោះទាំង ០២នាក់ នោះ​ ឃើញថា សុខភាពមិនសូវល្អ ដោយសារកើតមិនគ្រប់ខែ ក៏បញ្ជូនមកមន្ទីរពេទ្យកុមារខេត្តកំពង់ចាម បន្តការថែទាំ ។ ទន្ទឹមនឹងនោះ ក្រោយពីបានឮដំណឹងថា មានការបោះបង់ចោលទារកភ្លោះ ០២នាក់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឪពុកម្តាយបង្កើត ទើបមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ចាម ក៏បានចេញលិខិតជូនដំណឹងជ្រើសរើសឪពុកម្តាយធម៌ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដើម្បី ថែទាំជំនួសទារកភ្លោះទាំង ០២នាក់ នេះ ។
ដោយឡែក ផ្អែកទៅតាម សេចក្ដីជូនដំណឹង របស់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ចាម នេះដែរ លោកស្រី​ ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើជាឪពុកម្ដាយធម៌ ដែលមានចិត្តស្រឡាញ់កុមារ ជាពិសេស ស្ម័គ្រចិត្តក្នុងការ យក​ទារកខាងលើ ទៅចិញ្ចឹម ទំនាក់ទំនងមក មន្ទីរសង្គមកិច្ច ដោយធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទលេខ ៖ ០៩២ ៧៧៩ ៦១៩ និង ០១២ ៨៣៧ ៩៧៣ ដើម្បី សាកសួរព័ត៌មានលម្អិត និងដាក់ពាក្យសុំ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here