ពលរដ្ឋ​៥៧គ្រួសារ​ រងគ្រោះដោយ​ខ្យល់​កន្ត្រាក់​ នៅ​ស្រុកស្ទឹងត្រង់​ ទទួល​បាន​អំណោយ​សម្តេចតេជោ​ ហ៊ុន​ សែន​

0
61


ដោយ:លឹម​ សិលា​
កំពង់ចាម ​៖​ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន​៥៧គ្រួសារ​ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ ទទួលបានអំណោយ​សម្តេចតេជោ​ ហ៊ុន​ សែន​ តាមរយៈ​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ដែលពិធី​ចែក​អំណោយ​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​ នៅ​សាលា​ស្រុក​ស្ទឹងត្រង់​ នារសៀលថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ​២០២៣​ ។

បន្ទាប់​ពី​ពាំនាំនូវការផ្តាំផ្ញើ​សាកសួរសុខទុកពី​សំណាក់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​ជា​ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ចូលរួម​សោកស្ដាយ​ចំពោះ​ការ​ខូចខាត​ផ្ទះ​សំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​បង្ក​ឡើង​​ដោយ​កត្តា​គ្រោះ​ធម្មជាតិ​នេះ​ ។

ឆ្លៀត​ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​កំពង់ចាម​ បាន​ក្រេីនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឱ្យ​បង្កេីន​ការ​ប្រុងប្រយ័ត្ន​ នៅ​ពេល​មាន​​ភ្លៀង​ខ្យល់​ផ្គរ​រន្ទះ​ ព្រោះ​មាន​ហានិភ័យ​ខ្ពស់​ដែល​អាច​បង្ក​គ្រោះថ្នាក់​បាន​គ្រប់​ពេល​ ជាពិសេស​កូនចៅ​តូចៗ​ កុំ​ឲ្យ​ចេញ​ក្រៅផ្ទះ​ ឬ​នៅ​ទីវាល​ ។ ជាមួយគ្នា​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏​បាន​ផ្តាំផ្ញេី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឱ្យ​យក​ថវិកា​ដែល​ទទួល​បាន​ក្នុង​ការ​ឧបត្តម្ភ​នេះ​ ទៅ​ទិញ​សម្ភារ​ ដេីម្បី​កសាង​លំនៅឋាន​ឡើង​វិញ​ ហើយ​ត្រូវ​បន្ត​ប្រកប​មុខរបរ​ទទួលទាន​ ឬ​ធ្វើ​ការ​ដាំដុះ​​បង្កបង្កើនផល​ឡើង​វិញ​ផងដែរ​ ។

គួរ​បញ្ជាក់​ថា​ អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៧ គ្រួសារ ដោយ​ក្នុង ១គ្រួសារ ទទួលបានអង្កចំនួន ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ តង់១ ។​ ដោយឡែក គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ ចំនួន ៥គ្រួសារ ក្នុង​ ១គ្រួសារ ទទួលបានថវិកាចំនួន ២០០.០០០រៀល និង គ្រួសារដែលរងគ្រោះមធ្យមចំនួន ៥២ គ្រួសារ គឺក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន ១០០.០០០រៀល ផងដែរ​ ។

បេីតាម​លោក បាន ស្រេង អភិបាលរងស្រុកស្ទឹងត្រង់បានឱ្យដឹងថា កាលពី​ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ កន្លង​ទៅ​នេះ​ មានភ្លៀងធ្លាក់ លាយខ្យល់យ៉ាងខ្លាំង​ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋក្នុងភូមិចំនួន ៦ ដែល​មាន ៥៧គ្រួសារ ក្នុងនោះ រលំផ្ទះផ្ទះ ៥ខ្នង និងរបើកដំបូល ចំនួន ៥២ខ្នង តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡេីយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here