អភិបាលខេត្តកំពង់ចាម​ ប្រាប់​ថ្នាក់ដឹកនាំ​ធនាគារហ្វីលីព ភីអិលស៊ី​ ឱ្យ​បង្កើត​ជំនឿ​ និង​ឈរ​លើ​គោលការណ៍​ច្បាប់​ ព្រមទាំង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​មូលដ្ឋាន​ ​

0
64


ដោយ​ លឹម​ សិលា​
កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ប្រាប់​ថ្នាក់ដឹកនាំ​ធនាគារហ្វីលីព ភីអិលស៊ី​ ត្រូវ​បង្កើត​ជំនឿ​ ឱ្យ​អតិថិជន​ និង​បុគ្គលិក​របស់​ខ្លួន​ មាន​ការ​ជឿជាក់​ និង​ទទួលបាន​សុខមាលភាព​សង្គម​ ពិសេស​ត្រូវ​ឈរ​លើ​គោលការណ៍​ច្បាប់​ ក្រៅពី​នោះ​ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​មូលដ្ឋាន​ ​ដេីម្បី​រួមគ្នា​ថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ព្រោះ​ការ​បេីក​ធនាគារ​ទៅ​បាន​ដោយ​សារ​ប្រទេស​ជាតិ​យើង​​មាន​សុខសន្តិភាព​នេះ​ហើយ​ ។ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវ​អគារការិយាល័យ ធនាគារហ្វីលីព ភីអិលស៊ី សាខាកំពង់ចាម នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​សម្ដែង​នូវ​ការ​ស្វាគមន៍ប្រកបដោយភាពកក់ក្ដៅចំពោះវត្តមានធនាគារ ហ្វីលីព ភីអិលស៊ី នៅលើទឹកដីខេត្តកំពង់ចាម ខណៈ​ធនាគារ ហ្វីលីព ភីអិលស៊ី បានខិតខំធ្វើការប្រែក្លាយទៅជា សាខាមួយដែលបើកបម្រើការសេវាធនាគារ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេវាកម្មហិរញ្ញវត្ថុ នៅកម្ពុជា តាមរយៈប្រតិបត្តិការនៅ៧០សាខាក្នុងប្រទេសកម្ពុជា ដោយឡែកខេត្តកំពង់ចាមក៏មាន៦ សាខា និងមានបុគ្គលិកកំពុងបម្រើការចំនួន​ ១៣០នាក់​ផងដែរ​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដមអភិបាលខេត្ត​ បានថ្លែងថា​ ដោយ​វឌ្ឍនភាពវិស័យកសិកម្ម ឧស្សាហកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ វិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្តកំពង់ចាមក៏មានការីកចំរើនគួរឱ្យគត់សំគាល់ផងដែរ​ ដោយក្នុងនោះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលកំពុងប្រតិបត្តិការនៅក្នុងខេត្ត មានចំនួន ៥០គ្រឹះស្ថាន ជាមួយសាខាសរុប ចំនួន១៥៨ បានចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុនានា​ ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាស​ ។

ជាមួយគ្នា​នោះ​ លោក ចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីព ភីអិលស៊ីរ​ បានឱ្យដឹងថា​ ចាប់តាំងពីឆ្នាំ១៩៧៥​ មកបណ្តាញក្រុមហ៊ុន Phillip Capital បានរីកចម្រើនលើសកលលោក ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុអាស៊ីរួមបញ្ចូលគ្នា ដែលមានបុគ្គលិកច្រើនជាង ៥,០០០នាក់ និង អតិថិជនច្រើនជាង មួយលាននាក់ នៅទូទាំងពិភពលោក ហើយទ្រព្យសម្បត្តិស្ថិតនៅក្រោម ការគ្រប់គ្រងលើស ៣៥ពាន់លានដុល្លារអាមេរិក និងមូលនិធិរបស់ម្ចាស់ភាគហ៊ុនលើសពី ១.៥ពាន់លានដុល្លារ​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here