ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ទាំង១០៩ឃុំ​ សង្កាត់ ក្នុងចលនាប្រឡងប្រណាំងការអនុវត្ត​ គោលនយោយបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

0
69


ដោយ​ លឹម​ សិលា​
កំពង់ចាម​:​ ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​៣០​ ខែមីនា​ ឆ្នាំ​២០២៣​នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​សម្តែង​នូវ​ការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច ដែល​បាន​ខិតខំប្រឹងប្រែងការពារដល់សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋាន ពិសេសការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រហូតដល់ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ទាំង១០៩ឃុំ​ សង្កាត់ ក្នុងចលនាប្រឡងប្រណាំងការអនុវត្ត គោលនយោយបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។​

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀមខ្លួនជាស្រេច​ ក្នុងការបន្តអនុវត្ត ដោយយកចិត្តទុកដាក់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ សំដៅបន្តការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យ​មានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ ឯកឧត្ដមអភិបាលខេត្ត​ បាន​បន្ត​ថា​ កម្លាំងនគរបាល និងសហគមន៍ ត្រូវពង្រឹងបន្ថែមសំដៅជំរុញការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដើម្បីលើកកម្ពស់ការចូលរួមរបស់ ប្រជាពលរដ្ឋ​ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ការជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច-ឆក់-ប្លន់ ល្បែងស៊ីសងខុសច្បាប់ អំពើហិង្សា ក្រុមក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទ ផងដែរ​ ។

ជាមួយគ្នា​នោះ​ ឯកឧត្តមសន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ បាន​ណែនាំ​ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់​ ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអនុវត្តគម្រោង សកម្មភាពនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពរស់នៅដោយផ្ទាល់ របស់ប្រជាពលរដ្ឋ ជាពិសេសគម្រោងសកម្មភាពផ្នែកសេវាសង្គម គ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតកាចសាហាវនានា។​ ហើយ​ត្រូវពង្រឹង​ សម្របសម្រួល និងកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា ដើម្បីកៀរគរធនធានសម្រាប់អនុវត្តគោលនយោបាយភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here