អភិបាលខេត្តកំពង់ចាម​ ក្រេីនរំលឹក​ដល់​ក្មួយៗយុវជន​ ឱ្យ​ខិតខំកសាងខ្លួនប្រកបដោយគុណសម្បត្តិ ៣យ៉ាងគឺ បញ្ញា សីលធម៌ និងកាយសម្បទា

0
53


ដោយ​ លឹម​ សិលា​
កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ក្រេីនរំលឹក​​ដល់​ក្មួយៗយុវជន​ ឱ្យ​ខិតខំកសាងខ្លួនប្រកបដោយគុណសម្បត្តិ ៣យ៉ាងគឺ បញ្ញា សីលធម៌ និងកាយសម្បទា ដែលជាមូលដ្ឋានគ្រឹះ​ដ៏​សំខាន់បំផុតនៃការអភិវឌ្ឍធនធានមនុស្ស ក្នុងនោះត្រូវរស់នៅ​ឱ្យ​ឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន​ផងដែរ​ ។ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីបិទការបោះជំរំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ​ «​ បេះដូងយុវជនឌីជីថលក្នុងយុគសម័យតេជោសន្តិភាព »​ នាល្ងាច​ថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាល័យសម្ដេចជួនណាត ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ។

ថ្លែងក្នុងពិធីនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ដាស់តឿន​​ដល់​ក្មួយៗជាយុវជន​ទាំងអស់​ ត្រូវកាន់ខ្ជាប់នូវឥរិយាបថល្អ មានទំនុកចិត្តលើខ្លួនឯង ឧស្សាហ៍ព្យាយាម អំណត់ អត់ធន់ក្នុងការងារ មានសច្ចៈទៀងត្រង់ មានអធ្យាស្រ័យ ចេះជួយយកអាសារគ្នាទៅវិញទៅមក។ ត្រូវ​គោរពប្រតិបត្តិទៅតាមដំបូន្មានឪពុកម្តាយ ស្តាប់​គ្រូ​ពន្យល់ណែនាំ និង​ឧស្សាហ៍ព្យាយាមធ្វើការសិក្សាស្រាវជ្រាវ ដោយ​ត្រូវ​បង្កើនការអានពង្រីកចំណេះដឹង ពិសេសត្រូវខិតខំប្រើប្រាស់សមត្ថភាព ផ្ទាល់ខ្លួនក្នុងការប្រឡង ដើម្បីរក្សាកិត្តិយស សេចក្ដីថ្លៃថ្នូរក្នុងនាមជាអ្នកសិក្សា និងជាយុវជន​គំរូ​ ហើយនៅពេលទំនេរកុំភ្លេចលេងកីឡា ចំពោះការលេងកីឡា គឺជាការរួមចំណែក​ ក្នុងការអភិវឌ្ឍសុខភាព និងបញ្ញាស្មារតី ព្រមទាំង​ចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍ ឱ្យ​បខ្ជាប់ខ្ជួន។

ឯកឧត្ដមអភិបាលខេត្ត​ បាន​បន្ត​ថា​ ការវិនិយោគលើយុវជនជាតម្រូវការចាំបាច់ ដើម្បីប្រទេសជាតិ មានធនធានមនុស្ស គ្រប់គ្រាន់សម្រាប់ជាកម្លាំងកសាង និងការពារសង្គមជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត តាមមាគ៌ានយោបាយប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តនិរន្តរភាពនៃបុព្វហេតុជាតិនេះ ជារៀងរហូត។

ជាមួយគ្នា​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​រំពឹងទុកថា​​ ការបោះជំរំយុវជនខេត្តកំពង់ចាម ​ឆ្នាំ២០២៣​ នាពេលនេះ​ ជាកម្មវិធីអភិវឌ្ឍ និងបង្កើនសមត្ថភាពយុវជន ដែលមិនអាចខ្វះ បាននៅក្នុងការងារអប់រំ ព្រោះការបោះជំរំនេះ ធ្វើឱ្យយុវជនចេះសង្កេត ចេះពិចារណាដោយ បង្កើនស្មារតីធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព ចេះស្រឡាញ់ ថែរក្សា ការពារបរិស្ថាន ប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាពជាពិសេស ការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍របស់យុវជន​ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here