អភិបាលខេត្តកំពង់ចាម​ អះអាងថា​ ការគ្រប់គ្រងដី ការប្រើប្រាស់ ការបែងចែកដី និងការដោះស្រាយវិវាទដីធ្លី គឺជាកិច្ចការអាទិភាពមួយ​ ដែលអាជ្ញាធរខេត្ត យកចិត្តទុកដាក់បំផុត

0
68

ដោយ​ លឹម​ សិលា​
កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​អះអាងថា​ ការគ្រប់គ្រងដី ការប្រើប្រាស់ ការបែងចែកដី និងការដោះស្រាយវិវាទដីធ្លី គឺជាកិច្ចការអាទិភាពមួយ​ ដែលអាជ្ញាធរខេត្ត យកចិត្តទុកដាក់បំផុត ព្រោះការងារដីធ្លី គឺជាការងារសំខាន់បំផុតដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ របស់រដ្ឋាភិបាល​កម្ពុជា​ ។ ការ​ថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៩​ ខែមីនា​ ឆ្នាំ​២០២៣​​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ក្នុងឆ្នាំ២០២៣នេះ​ យើងទាំងអស់គ្នា​ ត្រូវរួមគ្នាសម្រេច​ឱ្យ​បាននូវផែនការមួយចំនួន​ ដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​ បានដាក់ចេញនោះគឺការផ្តល់ប័ណ្ណកម្មសិទ្ធិ ជូន​បងប្អូនប្រជាពលរដ្ឋ​ តាមរយៈ​ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការរួមគ្នាដោះស្រាយនូវរាល់វិវាទដីធ្លី ការគ្រប់គ្រងសំណង់ ការរៀបចំផែនទីរដ្ឋបាល ផែនទីប្រើប្រាស់ដីឃុំ សង្កាត់ ការសម្រេចលើប្លង់គោល ប្រើប្រាស់ដីក្រុងកំពង់ចាម និងសម្រេចលើផែនទីប្រើប្រាស់ដីខេត្តជាដើម។​

ឯកឧត្ដមអភិបាលខេត្ត​ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវ​បន្ត​អនុវត្តនូវការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យ​បានសម្រេច​មុន​ផែនការ​ ដែលបានកំណត់​។​ ដោយឡែក​លោក​អភិបាល​ស្រុក ត្រូវសហការណ៍ជាមួយលោកមេឃុំ ប្រធានវាល​ ដើម្បីជ្រើសរើស យកឃុំដែលមានលក្ខណៈងាយស្រួល និងមានទីផ្សាដីធ្លី មក​អនុវត្តមុន​ ដើម្បីប្រមូលទិន្នន័យ​បានលឿន និងចេញប័ណ្ណ ឱ្យ​បានច្រើន ម្យ៉ាងទៀតបើតំបន់នោះមានទីផ្សាដីធ្លី យើងអាចប្រមូលពន្ធពីការលក់ទិញ សម្រាប់​ចូលថវិកាជាតិ ។

ជាមួយគ្នានេះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ក្រេីនរំលឹក​ដល់​អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ មន្ទីរជំនាញ ឱ្យ​ចូលរួមអនុវត្ត និងជំរុញការដោះស្រាយបញ្ហាវិវាទដីធ្លីនៅទូទាំងខេត្តឱ្យ​មានការថយចុះ ។ ចំពោះ​ទំនាស់ដែលនៅសេសសល់ទាំងប៉ុន្មាន នៅពេលបិទផ្សាយទិន្នន័យជាសាធារណះ សូម​ឱ្យ​គណៈកម្មការរដ្ឋបាលពន្លឿនការងារ ដោះស្រាយ​ឱ្យ​បានឆាប់ ដើម្បីបូកសរុបរបាយការណ៍រដ្ឋបាល សម្រាប់ចេញប័ណ្ណកម្មសិទ្ធិ​ ជូនប្រជាពលរដ្ឋ ។ ចំពោះ​ការងារដោះស្រាយវិវាទនេះ​ដែរ​ ត្រូវ​យកតាមរយៈយន្តការដោះស្រាយវិវាទដីធ្លី ដែលមានស្រាប់ ចុះធ្វើការស្រាវជ្រាវ និងដោះស្រាយតាមគោលនយោបាយឈ្នះ-ឈ្នះ សំដៅបង្កើនសុខដុមរម្យនីយកម្មក្នុងសង្គម ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here