សម្តេចតេជោ ហ៊ុន សែន សួរសុខទុក្ខ និងសំណេះសំណាលជាមួយអាចារ្យ អាចារិនីលើកទី៨ ក្នុងការលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ (នៅមជ្ឍមណ្ឌលកោះពេជ្រ)


ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនឹងសួរទុក្ខ ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ។

ពិធីនេះបានប្រារព្ធធ្វើជារាងរាល់ឆ្នាំ ដោយមានការចូលរួមពី អាចារ្យ និងអាចារិនីទូទាំងប្រទេសដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងអំពីក្បួនច្បាប់ក្រឹតក្រមអាចារ្យជាគោលដែលមានការឯកភាពរួមនិងដើម្បីលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរបន្ថែមដល់អាចារ្យ និងអាចារិនីទាំងអស់ដែលទទួលបានការបណ្តុះបណ្តាលពីសមាគមអាចារ្យខ្មែរ និងម៉្យាងវិញទៀត ការជួបជុំថ្ងៃនេះគឺដើម្បីអោយមានឱកាសផ្លាស់ប្តូរមតិយោបល់ និងបានចែករំលែកនូវចំណេះដឹងដល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទូទៅរបស់អាចារ្យ និងអារិនីអោយកាន់តែល្អ មានទំនុកចិត្ត និងទទួលយកបានក្នុងការ បម្រើកិច្ចការអាចារ្យនៅក្នុងប្រទេស។

នាឪកាសដែរ សម្ដេចតេជោ ហ៊ុន សែន បានសួរសុខទុក្ខ និងសំណេះសំណាលជាមួយអាចារ្យ អាចារិនី កម្មវិធីនៅថ្ងៃនេះដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញផ្នែកប្រពៃណី ទំនៀមទម្លាប់ សាសនា របស់ខ្មែរយើងឲ្យកាន់តែល្អផូផងបន្ថែមទៀតនាពេលខាងមុខ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា វាជារឿងពិតមួយមិនអាចប្រកែកបាន នៅពេលវិស័យអាណាចក្រជួបប្រទះគ្រោះមហន្តរាយហើយនោះ វិស័យពុទ្ធចក្រក៏រងគ្រោះផងដែរ ដូចជាករណីការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ នៃរបបធារណរដ្ឋកម្ពុជា លន់ ណុល និងពីឆ្នាំ១៩៧៥ នៃរបបកម្ពុជា ប្រជាធិបតេយ្យ ប៉ុល ពត ជាដើមដែលធ្វើឲ្យសាសនាទាំងអស់ត្រូវជួបនូវគ្រោះមហន្តរាយធំធេង។

សម្តេចតេជោបានបញ្ជាក់ថា អាចារ្យ អាចារិនីទាំងអស់ដែលបានទទួលបានការបណ្តុះបណ្តាលពីសមាគមអាចារ្យខ្មែររួចនោះត្រូវយកចំណេះទាំងនេះទៅប្រើឲត្រូវតាមក្បួនច្បាប់ និងក្រមសិលធម៌ជាអាចារ្យ ។ហើយគ្រប់សាសនាទាំងអស់ នៅលើលោកនេះ សុទ្ធតែបង្រៀនមនុស្សឱ្យប្រព្រឹត្តអំពើល្អទាំងអស់ គ្មានសាសនាណាឲ្យមនុស្សធ្វើអំពើអាក្រក់នោះទេ។ សាសនាគឺផ្នែកមួយដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងសង្គម ជាពិសេសផ្សារភ្ជាប់ជាមួយជីវិតរស់នៅរបស់ប្រជាពលរដ្ឋតែម្ដង ។
Narith